កម្ពុជាផ្អាកការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមជាបណ្ដោះអាសន្ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កក្កដា ២០២១) ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានា របស់វៀតណាម រយៈពេល១ខែ ដែលអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តទៅ។
តាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រាបមក លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា អំឡុងការផ្អាក់នេះ ក៏មានការលើកលែងចំពោះអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ ករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល៕