សម្តេចតេជោ ហ៊ុន សែន​ បង្ហោះវីដេអូទស្សនកិច្ចនៅសហភាពសូវៀត ឆ្នាំ១៩៧៩ (មាន​វិដេអូ)

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ សីហា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​​បានបង្ហោះវីដេអូពេលបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ សហភាពសូវៀត ដែលជាអតីតដែនដីរបស់ប្រទេសរុស្ស៉ី កាលពីឆ្នាំ១៩៧៩ផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដំណើរទស្សនកិច្ចនោះបានធ្វើឡើងនៅក្នុងខែឧសភា ពោលក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានជាង ៤ខែប៉ុណ្ណោះ។

ជាមួយនឹងការបង្ហោះវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវអនុស្សាវរីយ៍កម្សត់ជូរចត់មួយចំនួនទៀតក្នុងដំណាក់កាលនោះ ក្នុងនាមជាប្រមុខការទូតវ័យក្មេងជាងគេលើពិភពលោក និងជាប្រមុខការទូតក្នុងប្រទេសដ៏ក្រីក្របំផុតនាពេលនោះ។

ខ្លឹមសារទាំងស្រុង នៃអត្ថបទដែលសម្តេចតេជោ ហ៊ុន សែន បានសរសេរដោយផ្ទាល់ដៃបង្ហោះលើទំព័រ Facebook មានខ្លឹមសារដូចខាងក្រោម៖

ថ្ងៃនេះបានឃើញរូបវីដេអូដ៏កម្រមួយដែលខ្ញុំខ្លួនឯង ក៏មិនដែលបានឃើញផងដែរ។ រូបវីដេអូនេះប្រហែលជាបន្សល់ទុកដោយទូរទស្សន៍អតីតសហភាពសូវៀត ព្រោះរូបភាពនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំទៅកាន់សហភាពសូវៀត នាខែឧសភា ១៩៧៩ មុនពេលខ្ញុំបន្តដំណើរទៅរដ្ឋធានីកូឡំបូប្រទេសស្រីលង្កា ដើម្បីប្រជុំចលនាមិនចូលបក្សសម្ព័ន្ធថ្នាក់រដ្ឋមន្ត្រីការបរទេស។

ជារដ្ឋមន្ត្រីការបរទេសក្នុងវ័យ២៧ឆ្នាំធ្វើដំណើរពីភ្នំពេញ ទៅដល់មូស្គូ ខ្ញុំមានខោអាវធំតែមួយសម្រាប់ ហើយត្រូវដូរអាវគ្នាលើយន្តហោះ ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម តាំង សារឹម ដោយសារអាវខ្ញុំដៃខ្លីជាងដៃ ឯអាវបង តាំង សារឹម ដៃវែងជាងដៃ។ យើងពិតជាក្រណាស់ពុំមានលុយមួយសេនណានៅក្នុងហោបៅ៉ទេ សំបុត្រយន្តហោះ ការស្នាក់នៅសុី ចុកត្រូវចំណាយដោយសូវៀត រាប់ទាំងការស្នាក់នៅស្រីលង្កាផង។

ក្នុងរូបភាពធ្វើដំណើរតាមរថយន្តដែលមានទង់ជាតិ រហូតចូលមកកន្លែងអង្គុយ គឺអនុរដ្ឋមន្ត្រីការបរទេសសូវៀត និងមន្ត្រីសូវៀតផ្សេងទៀត ទៅទទួលខ្ញុំពីព្រលានយន្តហោះ មកផ្ទះភ្ញៀវមុនពេលដែលខ្ញុំជួបចចារជាមួយ អង់ ដ្រេក្រូមីកូ ជារដ្ឋមន្ត្រីការបរទេសសូវៀតនាពេលនោះដែលគាត់មានអាយុច្រើនជាងឪពុកខ្ញុំ និងជាតំណាងប្រទេសមហាអំណាចមួយ ដែលត្រូវចចារជាមួយរដ្ឋមន្ត្រីវ័យក្មេង និងជាតំណាងប្រទេសក្រីក្រមួយ។

ចំណុចនេះហើយដែលធ្វើឱ្យខ្ញុំមានការយល់ដឹងពីការទូតបន្ថែមទៀត នៅត្រង់វ័យចំណាស់ ឬប្រទេសអ្នកមាន គឺតំណាងឱ្យជាតិមួយ ហើយវ័យក្មេងឬប្រទេសក្រីក្រក៏តំណាងឱ្យជាតិមួយដូចគ្នា៕

 

Related Articles

Back to top button
Close
Close