សម្តេចតេជោ ​ក្រើនរំលឹកពលរដ្ឋ ឱ្យបន្តស្មារតីប្រយ័ត្ន​ជានិច្ចចំពោះជំងឺកូវីដ១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ ឧសភា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកនេះថា ទោះកម្ពុជា​មាន​ចំនួនអ្នកជាសះស្បើយបាន​ច្រើន ហើយពុំមានអ្នក​ឆ្លងថ្មីក៏ដោយ គឺ​សម្តេចបានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាប់ជានិច្ច។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន កត់ សម្គាល់ ថា តែក្នុងមួយប៉ប្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ19 នៅក្នុងពិភពលោក បានកេីនជាង៤លាននាក់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន រំលឹកប្រជាពលរដ្ឋត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគ។ លើសពីនេះទៀត ត្រូវពាក់ម៉ាស ឬក្រម៉ាកុំឱ្យឆ្លងរោគ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។ សម្តេចតេជោ ក៏បានរំលឹកឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្រាប់កម្ពុជាមកដល់ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយ១២១នាក់ហើយ នៅសល់តែ ១នាក់ទៀតប៉ុណ្ណោះ។ ជាមួយគ្នារយៈពេលជិត ១ខែហើយ មិនមានអ្នកឆ្លងថ្មីទៀតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញវិធានការជាច្រើន ដើម្បីបញ្ចៀសការរាតត្បាតជំងឺកូវីដ១៩មកលើប្រជាពលរដ្ឋនោះ នៅតែមានការបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ។ សម្តេចនាយករដ្ឋមន្ត្រី បន្តរំលឹកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាពជាប្រចាំ៕

 

Related Articles

Back to top button
Close
Close