មេរោគកូរ៉ូណាអាចប៉ះពាល់ចង្វាក់ផលិតកម្មនៃរោងចក្រក្នុងតំបន់ និងផលិតផលក្នុងពិភពលោក
ឆាយ សុផល
អត្ថបទស្មេរ (Column)
មេរោគកូរ៉ូណាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៃរោងចក្រមួយចំនួន ពិសេសរោងចក្រវាយនភ័ណ្ឌ រួមមានសម្លៀកបំពាក់ ស្បែកជើង ស្រោមដៃ ស្រោមជើង អាវរងា ភួយ និងមួកក្រណាត់ជាដើម នៅក្នុងបណ្តាប្រទេសនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
ការប៉ះពាល់ដល់ចង្វាក់ផលិតកម្មនេះក៏ដោយសារតែការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតផលវាយនភ័ណ្ឌចេញពីប្រទេសចិនត្រូវបានកាត់បន្ថយជាបណ្តោះអាសន្នទាំងផ្លូវគោគ ផ្លូវអាកាស និងផ្លូវទឹក។
តាមការវិភាគដោយផ្អែកលើមូលដ្ឋានសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រសិនបើគ្មានវត្ថុធាតុដើមទេ នោះរោងចក្រមួយចំនួននៅក្នុងតំបន់នឹងត្រូវបានព្យួរបណ្តោះអាសន្ន ហើយដែលអាចនាំឲ្យប៉ះពាល់ដល់ការងារ និងប្រាក់ខែរបស់កម្មករដែរ។
ទន្ទឹមនឹងនេះ ប្រសិនបើរោងចក្រក្នុងតំបន់ត្រូវបានព្យួរបណ្តោះអាសន្ន នោះទំនិញវាយនភ័ណ្ឌនៅអឺរ៉ុប និងនៅអាស៊ី ដោយរួមទាំងអាម៉េរិកផងក៏មានតម្លៃខ្ពស់ជាងមុនផងដែរ ពោលគឺតម្រូវការច្រើន ខណៈចំនួនផលិតថយ។
ដោយឡែកនៅកម្ពុជា ប្រសិនបើពើបប្រទះបែបនេះ ខណៈដែលប្រព័ន្ធអនុគ្រោះពន្ធ (អ៊ីប៊ីអេ / EBA) របស់សហភាពអឺរ៉ុបកំពុងតែមានភាពចម្រូងចម្រាសផង នោះអាចនឹងមានការបកស្រាយច្រឡំ ឬធ្វើជាច្រឡំពីសំណាក់មេដឹកនាំនយោបាយ និងសកម្មជននយោបាយមួយចំនួន ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន។
ជាងនេះទៅទៀត នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មាធិការអឺរ៉ុបអាចនឹងសម្រេចថា តើត្រូវបន្ត ឬមិនបន្ត EBA ឲ្យកម្ពុជា ហើយបើមិនបន្ត តើមិនបន្តលើមុខទំនិញណាខ្លះ? យ៉ាងណាក៏ដោយ ការបាត់បង់ EBA មិនមានន័យថា កម្ពុជាបាត់បង់ទីផ្សារនៅអឺរ៉ុបឡើយ គ្រាន់តែថា បើបាត់ EBA គឺចំណេញប្រាក់តិចជាងមុន ខណៈដែលប្រជាជនអឺរ៉ុបក៏ត្រូវប្រឈមនឹងការទិញទំនិញថ្លៃជាងមុនដែរ។
សរុបសេចក្តីមក មេរោគកូរ៉ូណាមិនត្រឹមតែធ្វើឲ្យមនុស្សភ័យខ្លាចប៉ុណ្ណោះទេ តែវាបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថបថយ ដែលជាបញ្ហាសកល៕