អនុក្រឹត្យថ្មី ៖ ផ្លាកលេខសម្គាល់យានយន្តមានចំនួន ៩ប្រភេទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ មិថុនា ២០១៩) យោងតាមអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បង្ហាញថា ផ្លាកលេខសម្គាល់យានជំនិះមាន ៩ប្រភេទដូចខាងក្រោម៖
-ប្រភេទទី១៖ ផ្លាកលេខ មានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ទឹកមាស សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង។
-ប្រភេទទី២៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល។
-ប្រភេទទី៣៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងខ្ចី អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះ ជាសម្បត្តិរដ្ឋ។
-ប្រភេទទី៤៖ ផ្លាកលេខមានផ្ទៃពណ៌ខៀវខាងលើ និងពណ៌ក្រហមខាងក្រោមចែកពាក់កណ្តាលស្មើ អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះរបស់កងយោធពលខេមរភូមិន្ទ។
-ប្រភេទទី៥៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌ក្រហម សម្រាប់យានជំនិះរបស់កងកម្លាំងនគរបាលជាតិ។
-ប្រភេទទី៦៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌បៃតងចាស់ សម្រាប់យានជំនិះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
-ប្រភេទទី៧៖ ផ្លាកលេខមានផ្ទៃពណ៌លឿង អក្សរ និងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះរបស់ស្ថានទូត និងផ្លាកលេខមានផ្ទៃពណ៌ខៀវផ្ទៃមេឃ អក្សរ និងលេខពណ៌ស សម្រាប់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល។
-ប្រភេទទី៨៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះ ជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនះ។
-ប្រភេទទី៩៖ ផ្លាកលេខមានផ្ទៃពណ៌លឿងទុំ អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះ នាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន៕