សម្តេចតេជោជូនពរឲ្យជនរួមជាតិធ្វើដំណើរបានសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ មេសា ២០១៩) ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook សម្តេចបានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមធ្វើដំណើរទៅស្រុកកំណើត សូមបានសុខសប្បាយតាមផ្លូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតអរគុណដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងម្ចាស់រថយន្តតាក់ស៊ី ដែលមានទឹកចិត្តល្អមិនដំឡើងថ្លៃដល់ប្រជាពលរដ្ឋ ក្នុងដំណើរកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានលើកយកពីតម្លៃនៃសន្តិភាព ដែលធ្វើឲ្យប្រជាជនកម្ពុជា មានឱកាសប្រារព្ធពិធីបុណ្យទានតូចធំ ដោយគ្មានការបារម្ភ ឬភ័យព្រួយឡើង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «នៅសល់៥ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីព្រពៃណីជាតិនឹងមកដល់។ ចំពោះបងប្អូន និងកូនក្មួយកម្មករកម្មការនីទាំងអស់ ដែលធ្វើដំណើរពីភ្នំពេញ ឬពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិកំណើតវិញ សូមបានសុខសប្បាយតាមផ្លូវ។ អរគុណដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងម្ចាស់ឡានតាក់ស៊ី ដែលមានទឹកចិត្តល្អមិនតម្លើងថ្លៃដល់ប្រជាពលរដ្ឋ។
មានសន្តិភាព និងការអភិវឌ្ឍន៍ ទើបកម្ពុជាមានអ្វីៗគ្រប់យ៉ាង រួមទាំងឱកាសនៃការប្រារព្ធបុណ្យទានតូចធំនៅក្នុងប្រទេស។ សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ»៕