សម្ដេចតេជោ អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ចំពោះការខ្វះខាតទឹកភ្លើង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មីនា ២០១៩) ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ជាង១ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋមានការ អត់ធ្មត់ និងយោគយល់ ចំពោះមុខ នៃការខ្វះខាតទឹកភ្លើង។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចំណែកការខ្វះខាតអគ្គិសនី គឺដោយសារទឹករីងហួតហែង បណ្ដាលឱ្យវារីអគ្គិសនី ទាញតួប៊ីនមិនរួច ធ្វើឱ្យខ្វះអគ្គិសនីរហូតដល់៤០០ មេហ្គាវ៉ាត់ ដូច្នេះ ហើយបានជាការផ្គត់ផ្គង់អគ្គិសនីមានការរអាក់រអួល ហេតុនេះសម្តេច បានស្នើ សុំឱ្យមានការយោគយល់ចំពោះកាត់ផ្ដាច់ផ្អាកការផ្គត់ផ្គង់តាមតំបន់មួយចំនួននោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ នឹងអូសបន្លាយពេលយូរទៀត ដូច្នេះ ការចូល រួមសន្សំសំចៃលើការប្រើប្រាស់ទឹក និងអគ្គិសនី គឺជាការចាំបាច់។ សម្ដេចបានឱ្យដឹងថា សម្រាប់ផែនការបន្ត ត្រូវតែវិនិយោគលើវិស័យអគ្គិសនីបន្ថែមទៀត ដោយសារកំណើននៃការប្រើប្រាស់ច្រើនលើសការរំពឹងទុក៕