​ពិធី​សម្ពោធ​វិមាន​ឈ្នះឈ្នះ​នឹងមានអុជកាំជ្រួច 3D ដ៏​ទំនើប​មិនធ្លាប់​មាន​នៅ​កម្ពុជា

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (២៧ ធ្នូ ២០១៨) ៖ ក្នុង​ឱកាស​ចុះត្រួតពិនិត្យ​ការ​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះឈ្នះ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨  សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ បានបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះឈ្នះ​រយៈ​ពេល​៣យប់ ចាប់ពី​យប់ថ្ងៃទី​២៩ ដល់ ៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខ​នេះ ក្រុម​ការងារ​ជំនាញ​ បាន​ត្រៀម​រួចជាស្រេច​ហើយ ​ក្នុងការ​រៀបចំ​បច្ចេកទេស​អុជ​កាំជ្រួច​ជាច្រើន​ពាន់​គ្រាប់។ ក្នុងនោះ​កាំជ្រួច​ដែល​ត្រូវ​អុជ គឺជា​ប្រភេទ​កាំជ្រួច​ 3D មាន​លក្ខណៈ​ទំនើប​ប្លែក​ជាង​កំាជ្រួច​នានា​ដែលបាន​បាញ់នៅ​កម្ពុជា​កន្លងមក។

សម្តេច​បន្ត​ថា កាំជ្រួច​ដែល​ត្រូវ​អុជ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះឈ្នះ​ទំាង៣យប់​នោះ គឺជា​កំាជ្រួច​ដែល​មាន​លក្ខណៈ​ទំនើប​អស្ចារ្យ មាន​រូបភាព​ប្លែកៗ ដែល​បង្ហាញពី​ប្រទេសជាតិ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោមការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន។ សម្តេច​បន្ថែម​ថា ទន្ទឹម​នឹងការ​អុជ​កាំជ្រួច​ 3D នា​ពេល​រាត្រី​ទំាង​៣ថ្ងៃ​នេះ មានការ​សម្តែង​សិល្បៈ​បុរាណ​សម័យ​ដែលមាន​ការ​ចូលរួម​ពី​កំពូល តារា​ចម្រៀង​ល្បីៗ​ប្រចាំ​កម្ពុជា ដើម្បី​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ដែលមក​ចូលរួម​លេង​កម្សាន្ត​នៅក្នុង​តំបន់​វិមាន​ឈ្នះឈ្នះ​នេះ​ផងដែរ។

សូមជម្រាបថា យោងតាម​កម្មវិធី នៅថ្ងៃទី​២៩ ខែ​ធ្នូ ដែលជា​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះឈ្នះ​ មានការ​អុជ​កាំជ្រួច 3D នា​វេលា​ម៉ោង ៧យប់​ក្នុង​រយៈពេល ៤៥​នាទី, នៅថ្ងៃទី​៣០ ខែ​ធ្នូ អុជ​កាំជ្រួច​រយៈពេល ៣០​នាទី និង​នៅថ្ងៃទី​៣១ ខែ​ធ្នូ ដែលជា​ថ្ងៃ​ឆ្លងឆ្នាំ​សកល​នៅ​វេលា​ម៉ោង ១២អាធ្រាត អុជ​កាំជ្រួច​រយៈពេលមួយ​ម៉ោងពេញ៕

Related Articles

Back to top button
Close
Close