កម្ពុជា​មាន​សេវា​លាង​ឈាម​ប្រកប​ដោយ​គុណ​ភាព​ដូច​នៅ​សិង្ហបូរី​ និង​បស្ចឹម​ប្រទេស​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំ​ពេញ (០១ តុលា ២០១៨) ៖ “គុណភាពនៃការលាងឈាមដែលប្រើដោយម៉ាស៊ីនលាងឈាមនាំចូលពីប្រទេសជប៉ុននៅមន្ទីរពហុព្យាបាលអន្តរជាតិខេមាគឺដូចគ្នានឹងនៅប្រទេសសិង្ហបូរី និងនៅបស្ចឹមប្រទេសដែរ ប៉ុន្តែតម្លៃគឺទាបច្រើនជាង៥០% នេះនៅមិនទាន់គិតពីតម្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងការហូបចុកនៅឡើយ” នេះជាការអះអាងរបស់លោកវេជ្ជ. អ៊ុ សុភាព នាយកមន្ទីរពហុព្យាបាលអន្តរជាតិខេមា នៅព្រឹកថ្ងៃទី១ តុលា ឆ្នាំ២០១៨ នេះ។

នៅក្នុងពិធីសម្ពោធសេវាលាងឈាមតាមស្តង់ដាអរន្តរជាតិនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមាមាននៅព្រឹកនោះ លោកវេជ្ជ. អ៊ុ សុភាព បានលើកឡើងថា ការដាក់សរវាលាងឈាមដែលមានបួនគ្រឿងនេះគឺជាគម្រោងជំហានដំបូង ហើយមន្ទីរពហុព្យាបាលអន្តរជាតិខេមានឹងបង្កើនឲ្យមានពីចន្លោះ២០ទៅ៣០គ្រឿងនៅមួយឆ្នាំក្រោយ ដើម្បីឲ្យស្របតាមមជ្ឈមណ្ឌលលាងឈាមស្តង់ដាអន្តរជាតិ។

គ្លីនិកលាងឈាមនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី១ ខែតុលា នេះ ដោយនឹងចូលរួមចំណែកផ្តល់សេវាលាងឈាមប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា ដែលអនុវត្តតាមស្តង់ដារវេជ្ជសាស្រ្តដែលមានការទទួលស្គាល់ជាអន្តរជាតិ។

គ្លីនិកលាងឈាមខេមា មានបរិយាកាសសំរាកព្យាបាលល្អ បំពាក់ដោយម៉ាស៊ីនលាងឈាមថ្មីស្រឡាង និងទំនើបផលិតនៅប្រទេសជប៉ុន ប្រើប្រាស់សំភារៈលាងថ្មីៗជានិច្ច (ប្រើម្តងបោះចោល មិនប្រើឡើងវិញឡើយ) គ្រប់គ្រង និងដំណើរការដោយបុគ្គលិកជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ដោយសហការជាមួយសាស្ត្រាចារ្យផ្នែកតំរងនោម និងអ្នកជំនាញលាងឈាមមកពីកោះតៃវ៉ាន់។

លោកវេជ្ជ. អ៊ុ សុភាព មានប្រសាសន៍ថា “គ្លីនិកលាងឈាមខេមា នឹងចូលរួមលើកកំពស់គុណភាព និងស្តង់ដារលាងឈាមនៅកម្ពុជាយើងឲ្យស្មើនឹងកន្លែងលាងឈាមនានានៅក្នុងតំបន់ និងអន្តរជាតិ ព្រោះយើងប្រើម៉ាស៊ីនដូចគ្នា បច្ចេកវិជ្ជាដូចគ្នា និងកំរិតអ្នកជំនាញដូចគ្នា”។

សាស្ត្រាចារ្យ ទូជានសៃ ប្រធានក្រុមហ៊ុនសុខភាពអាស៊ីដែលសហការជាមួយមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានសំដែងការយល់ស្របថា “ការរៀបចំនិងដំណើរការរបស់គ្លីនិកលាងឈាមខេមា គឺប្រហាក់ប្រហែលនឹងមណ្ឌលលាងឈាមនៅតៃវ៉ាន់ ជប៉ុន ឬសាំងហ្គាពួរដែរ”។

សូមបញ្ជាក់ថា មន្ទីរពហុព្យាបាលអន្តរជាតិខេមាមានគ្រូពេទ្យទាំងខ្មែរ និងបរទេសក្នុងនោះមានអាស៊ី និងអឺរ៉ុប ស្ថិតនៅដីឡូត៍លេខ ២៨ ផ្លូវ ២៩៤ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែឡមានលេខ ទូរស័ព្ទទំនាក់ទំនង 099 588 588 និង 012 303 212 បើ​​តាមការឲ្យដឹងពីមន្រ្តីជំនាញបានបង្ហាញថា ការលាងឈាមគឺជាវិធីច្រោះយកកាកសំណល់ (ឧ. ក្រេអាទីនីន និងអ៊ុយរ៉េ) និងជាតិទឹកលើសចេញពីក្នុងខ្លួនដោយប្រើម៉ាស៊ីនលាងឈាមជំនួសឲ្យតំរងនោមធម្មជាតិដែលខូចឈប់ដំណើរការ។

មុនពេលមានវីធីលាងឈាម អ្នកជំងឺខូចតំរងនោមទាំងស្រុង គ្មានសង្ឃឹមថានឹងរស់រានមានជីវិតបានឡើយ។ តែបច្ចុប្បន្ន អ្នកជំងឺខូចតំរងនោម អាចរស់នៅ និងធ្វើការខ្លះៗបានជាធម្មតា៕

Related Articles

Back to top button
Close
Close