ដើម្បីបង្កើតភាពងាយស្រួលដល់កម្មករអាចជិះរថយន្តក្រុង ដោយមិនគិតថ្លៃ
សារព័ត៌មាន Cambodia News/
កណ្តាល ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ២៧៤២៧នាក់ មកពីរោងចក្រចំនួន១៨នៅក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី៤ ខែកក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដើម្បីបង្កើតភាពងាយស្រួលដល់កម្មករ ដែលបានធ្វើការនៅទីនេះអាចជិះរថយន្តក្រុង ដោយមិនគិតថ្លៃ។
សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះ ដែលបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ ព្រមទាំងសាមគ្គីភាពរវាងកម្មករ និងម្ចាស់រោងចក្រ។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្មីៗនេះសាលារាជធានីភ្នំពេញបានបន្ថែម រថយន្តក្រុងថែមទៀត ដើម្បីប្រើប្រាស់សម្រាប់ដឹក បងប្អូនប្រជាពលរដ្ឋនិងកូនក្មួយកម្មករ ជាពិសេសសាលារាជធានីភ្នំពេញបានពង្រីងការដឹកជញ្ជូនមកដល់តំបន់នៃស្រុកអង្គស្នួលនេះផងដែរដើម្បីបង្កើតភាពងាយស្រួលដល់កូនក្មួយកម្មករដែលបានធ្វើការនៅទីនេះអាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ(Free) ហើយក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មរថយន្តក្រុងនឹងពង្រីកផងដែរនៅតាមបណ្តា ជាយក្រុងជាបន្តបន្ទាប់ទៀត ដូចជាទៅតំបន់ក្រុងតាខ្មៅជាដើម៕