ក្រសួងបីព្រមានចុងក្រោយពីវិធានក្តៅលើការផ្សព្វផ្សាយតាមអ័នឡាញ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៤ កក្កដា ២០១៨)៖ ក្រសួងព័ត៌មាននៅព្រឹកថ្ងៃពុធនេះបានរម្លឹកជាចុងក្រោយពីវិធានការណ៍យ៉ាងម៉ឹងម៉ាត់ចំពោះការផ្សព្វផ្សាយតាមប្រព័ន្ធអ័នឡាញ មានទាំងគេហទំព័រ និងបណ្តាញព័ត៌មានសង្គម ដែលផ្សព្វផ្សាយដំណឹងក្លែងនាំឲ្យមហាជនមានការភាន់ច្រឡំ និងមានផលអាក្រក់នៅក្នុងសង្គម ពិសេសនៅក្នុងអំឡុងពេលបោះឆ្នោត។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការប្រកាសអន្តរក្រសួងស្តីពី “ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីធឺណិតនៅព្រះរាជាណាចក្រកម្ពុជា” នៅឯទីស្តីការក្រសួងព័ត៌មាន លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់ថា “ចាប់ពីថ្ងៃនេះទៅ ប្រសិនបើបណ្តាញផ្សព្វផ្សាយណាធ្វើផ្ទុយនឹងច្បាប់ នោះក្រសួងទាំងបីនឹងចាត់វិធានការណ៍យ៉ាងតឹងរឹងស្របទៅតាមច្បាប់ ពិសេសព័ត៌មានដែលនាំឲ្យមានការភាន់ច្រឡំចំពោះការបោះឆ្នោត ព័ត៌មានចចាមអារ៉ាម និងព័ត៌មានគ្មានប្រភពច្បាស់លាស់បង្កប់ដោយសារញុះញង់ដែលនាំឲ្យមានការរើសអើងលើបុគ្គលណាម្នាក់”។
លោក សុវណ្ណ រម្លឹកថា ជាការពិតប្រកាសអន្តរក្រសួងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈតាំងពីថ្ងៃទី២៨ ឧសភា មក ប៉ុន្តែក្រសួងសាមីទាំងបី – ក្រសួងព័ត៌មាន ក្រសួងប្រៃណីប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ – មិនទាន់បានចាត់វិធានការក្តៅនៅឡើយ ដោយលោកបញ្ជាក់ថា “ចាប់ពីថ្ងៃនេះ ឬពីថ្ងៃស្អែកទៅ ជាបឋម ក្រសួងត្រូវផ្តោតលើបញ្ហាសណ្តាប់ធ្នាប់សង្គម និងការបោះឆ្នោត ហើយក្រសួងនឹងបន្តគ្រប់វិធានការបន្ថែមទៀតលើបញ្ហាផ្សេងៗ”។
បើតាមការអះអាងរបស់លោក សុវណ្ណ គឺវិធានការណ៍លើព័ត៌មានមិនពិត និងព័ត៌មានក្លែងនេះជាកិច្ចការដែលប្រទេសក្នុងសហគមន៍អាស៊ានបានឯកភាពគ្នា និងធ្វើរួមគ្នា ដើម្បីការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ខណៈត្រូវប្រឆាំងនឹង Fake News បំពុល នាំឲ្យមានការភាន់ច្រឡំនៅសង្គម ដែលអាចធ្វើឲ្យមានការបាត់បង់ជំនឿលើការផ្សព្វផ្សាយបណ្តាញព័ត៌មានសង្គមទាំងមូល។
នៅក្នុងបទបង្ហាញរបស់ លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍នៅក្នុងសិក្ខាសាលានោះបានបញ្ជាក់ថា ប្រសិនបើគេហទំព័រ និងម្ចាស់ទំព័រឬគណនីបណ្តាញទំនាក់ទំនងសង្គមណាបំពានលើការប្រកាសនេះ នឹងមានទោសតាមមាត្រាក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់បោះឆ្នោត ក៏ដូចជាច្បាប់ពាក់ព័ន្ធផ្សេងទៀត។
សូមបញ្ជាក់ថា មាត្រា ៤២៥ នៃក្រមព្រហ្មទណ្ឌចែងថា “ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទី២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី២ (ពីរ) លានរៀល ទៅ៤ (បួន) លៀនរៀល អំពើផ្តល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីឲ្យគេជឿថា នឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោម ឬការធ្វើឲ្យខូចខាតប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស”។
លោក សាន ពុទ្ធារី បានបង្ហាញថា បច្ចុប្បន្នមានគេហទំព័រចំនួន១៧១អង្គភាព និងទូរទស្សន៍អ័នឡាញមាន៤៥អង្គភាពបានចុះបញ្ជីនៅក្រសួងព័ត៌មាន ខណៈដែលមានគេហទំព័រព័ត៌មាន ទូរទស្សន៍អ័នឡាញ និងវិទ្យុអ័នឡាញជាច្រើនទៀតមិនបានចុះបញ្ជីនៅឡើយ ហើយភាគច្រើនជា Fake Account (គណនីក្លែងក្លាយ)។
ដើម្បីរួចចាកពីទោសទណ្ឌ ហើយប្រតិបត្តិការងារប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ លោក សុវណ្ណ ក៏បានអំពាវនាវឲ្យម្ចាស់ស្ថាប័នផ្សព្វផ្សាយទាំងអស់ត្រូវផ្តោតលើច្បាប់ពាក់ព័ន្ធមួយចំនួនក្នុងការផ្សព្វផ្សាយដោយផ្ទាល់ និងការផ្សព្វផ្សាយបន្ត ដោយត្រូវស្វែងយល់ និងសិក្សាពីទិដ្ឋភាពច្បាប់ទាក់ទិននឹងការផ្សាយ ពិសេសនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ថ្ងៃស និងថ្ងៃបោះឆ្នោត។
សូមបញ្ជាក់ថា នៅក្នុងការប្រកាសអន្តរក្រសួងនោះគឺក្រសួងព័ត៌មានត្រូវទទួលបន្ទុកពិនិត្យលើខ្លឹមសារផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដែលល្មើសច្បាប់ ហើយត្រូវរាយការណ៍ទៅក្រសួងប្រៃណីប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ខណៈក្រសួងប្រៃណីប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវចាត់វិធានការណ៍លើក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងអស់ដែលគ្មានច្បាប់អនុញ្ញាត និងតម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតត្រូវបង្កើតប្រព័ន្ធចម្រោះ ឬក៏ប្លុកគណនីបណ្តាញសង្គមណាដែលល្មើសច្បាប់ ព្រមទាំងស្នើឲ្យស្ថាប័នអន្តរជាតិជួយបិទ។
ចំណែកក្រសួងមហាផ្ទៃ ត្រូវចាត់វិធានការតាមច្បាប់ចំពោះគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងបង្រ្កាបបទល្មើសការធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយល្មើសច្បាប់។
លោក សុវណ្ណ ក៏បានបង្ហើបឲ្យដឹងថា ក្រសួងព័ត៌មានមានគេហទំព័រ និងគណនីបណ្តាញសង្គមដែលជាមុខសញ្ញារួចអស់ហើយ តែមិនទាន់បានចាត់ការនៅឡើយ គឺរង់ចាំតែពេលវេលាតែប៉ុណ្ណោះ ដូច្នេះត្រូវយកចិត្តទុកដាក់លើផ្លូវច្បាប់៕