ប្រឡងបាក់ឌុបឆ្នាំនេះនឹងរឹតបន្ដឹងបន្ថែមទៀតជាងឆ្នាំមុនៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨នេះ ក្រសួងអប់រំនឹងរឹតបន្តឹងឲ្យខ្លាំងជាងឆ្នាំកន្លងទៅថែមទៀត ជាមួយនឹងអ្នកសង្កេតការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួចជាង៦ពាន់នាក់ និងខណៈមេប្រយោគជាង៣ម៉ឺននាក់។
លោករដ្ឋមន្រ្តីថ្លែងបែបនេះឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នារសៀលថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ គឺមានការរឹតបន្តឹងចាប់ពីក្រៅមណ្ឌលប្រឡង ដល់ក្នុងមណ្ឌលប្រឡង ដោយមិនអនុញ្ញាតឲ្យបេក្ខជនយកសំណៅឯកសារ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលមណ្ឌលប្រឡងឡើយ ប្រសិនរកឃើញបេក្ខជនអាចនឹងបានពិន្ទុសូន្យ។ ប្រសិនបើបេក្ខជនទទួលបានពិន្ទុសូន្យមួយមុខវិជ្ជា មានន័យថា គឺធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។
លោកបន្តថា ប្រសិនបេក្ខជនយកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ ប្រើប្រាស់ពាក្យសំដីមិនសមរម្យបង្កជម្លោះ ក្នុងមណ្ឌលប្រឡង គឺក្រសួងតម្រូវឲ្យបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ។ ទន្ទឹមនោះលោករដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់បេក្ខជនដែលត្រូវប្រឡងទាំងអស់ ត្រូវគោរពវិន័យប្រឡង៕