សម្តេចតេជោ ហ៊ុន សែន ៖ ក្រសួងអប់រំ ត្រូវប្រកាសឲ្យ សិស្សនិស្សិត ឈប់ សម្រាក៣ថ្ងៃ ដើម្បីទៅបោះឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា នេះ ថា ក្រសួង សួងអប់រំ គួរតែត្រូវប្រកាសបញ្ជាក់ ជូនដំណឹងទៅដល់ គ្រឹះស្ថានឧត្តម សិក្សានានា ដើម្បីឲ្យសិស្សនិស្សិត ទទួលបាននូវការឈប់ សម្រាករយៈពេល៣ ថ្ងៃដើម្បី មានពេលវេលាគ្រប់គ្រាន់ ទៅចូលរួមការបោះឆ្នោត។
សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ សម្រាកហើយ ឯថ្ងៃច័ន្ទគឺជាថ្ងៃរៀន ប្រសិនទៅបោះឆ្នោត នៅតាមខេត្ត ចុះឈ្មោះនៅតាមខេត្ត គឺមិនអាច មកវិញទាន់ទេ ។ ដូច្នេះនៅថ្ងៃទី៣០ដែលថ្ងៃចូលរៀន ក៏ឲ្យសម្រាកដែរ ដើម្បីឲ្យនិស្សិតរបស់យើង បានទទួលនូវការឈប់ សម្រាកឲ្យធ្វើដំណើរទៅពោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណតិ្តទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨នាពេលខាងមុខនេះ។
សម្ដេចក៏បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុនរថយន្តក្រុង និងរថយន្តឈ្នួល ទាំងអស់មិនត្រូវដំឡើងថ្លៃឈ្នួលរថយន្តក្នុងពេលពលរដ្ឋនិងសិស្សនិស្សិត ធ្វើដំណើរទៅ តាមបណ្ដាខេត្តដើម្បីចូលរួមបោះឆ្នោត នៅចុងខែកក្កដាខាងមុខ៕