ACU និងក្រសួងអប់រំបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៨ មិនអាចធូររលុងទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ សីហា ២០១៧) ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ដូចគ្នាថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រឡងបាក់ឌុបនាឆ្នាំ២០១៨ ខាងមុខ ដែលចំឆ្នាំរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ គឺការប្រឡងមិនមានការធូររលុង ដូចមតិមួយចំនួនលើកឡើងឡើយ។
ការបញ្ជាក់នេះបន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងថា ឲ្យតែដល់ពេលបោះឆ្នោតម្ដងៗ គឺការប្រឡងបាក់ឌុបនឹងមានការធូររលុង ហើយសិស្សនឹងអាចមានលទ្ធភាពជាប់ច្រើនជាងធ្លាក់។
ក្នុងពិធីណែនាំដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ខែសីហា នៅសាលសហសិក្សាសម្តេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី១៤ ខែសីហា លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បានថ្លែង ថា នេះជាឆ្នាំទី៤ហើយ ដែលក្រសួងអប់រំយុវជន និងកីឡា បានធ្វើកំណែទម្រង់ទៅលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់ តាមរយៈការដាក់ពាក្យស្លោក ថា”អ្នកចេះគឺជាប់”។
ចំណែកលោកបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងឲ្យដឹងដែរ ថា មានមតិខ្លះលើកឡើង ថា នៅពេលមានការបោះឆ្នោតម្ដងៗគឺការប្រឡងបាក់ឌុប នឹងមិនមានការរឹតបណ្តឹងដូចឆ្នាំ ដែលមិនមានការបោះឆ្នោះនោះទេ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧កន្លងទៅនេះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នាឆ្នាំ២០១៨ខាងមុខ។
លោកបានបញ្ជាក់ ថា ការលើកឡើងខាងលើនេះគឺមិនត្រឹមត្រូវទេ ព្រោះការប្រឡងបាក់ឌុបនៅឆ្នាំនេះ និងនៅឆ្នាំក្រោយ គឺនៅតែមានការរឹតបណ្តឹងដូចរាល់ឆ្នាំដែរ ហើយអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏នៅតែសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើកំណែទម្រង់ការប្រឡងនេះបន្តបន្ទាប់ទៀត៕