អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការចំពោះទីកន្លែងបើកអ៊ីនធឺណែត លួចបង្កប់ល្បែងស៊ីសង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ កក្កដា ២០១៧) ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ -ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការបិទទីតាំងបើកអ៊ីនធឺណែតនានាណាដែលបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចចិត្ដចាត់វិធានការបែបនេះ ក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចឱ្យចាត់វិធានការចំពោះទីតាំងបើកអ៊ីនធឺណែតនានាណាដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ជាមួយអាជ្ញាធរខណ្ឌទាំង១២ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមានតំណាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សារកវិធានការដើម្បីលុបបំបាត់ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះ៕