រដ្ឋាភិបាល​ដាក់​ពន្ធ​ ១០ ​ភាគរយ​លើ​សេវា​ហិរញ្ញវត្ថុ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៨ មិថុនា ២០១៧) ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​ប្រកាស​មួយ​ស្តីពី​ការ​ណែនាំ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ហើយ​បញ្ជាក់​ថា សេវា​ហិរញ្ញវត្ថុ​មួយ​ចំនួន​ត្រូវ​បង់ VAT ១០ ភាគរយ​។

អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ប៉ាន់​ស្មាន​ថា​ចំណូល​សរុប​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​បាន​ពី​កម្រៃ​សេវា និង សោហ៊ុយ​បូក​បញ្ចូល​គ្នា​មាន​ប្រមាណ ៣០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​អាច​ប្រមូល​អាករ​ពី​សេវា​ទាំង​នេះ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ VAT ជា​អាករ​ដែល​ត្រូវ​គិត​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​។

ក្រសួង ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ​២៥ ឧសភា បាន​ចេញ​ប្រកាស​មួយ​បញ្ជាក់​ពី​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម VAT ដែល​បាន​ក្នុង​នោះ​បាន​កំណត់​ថា​សេវា​ហិរញ្ញវត្ថុ​ដែល​មិន​ជាប់ VAT ជា​សេវា​ហិរញ្ញវត្ថុ​មូលដ្ឋាន​ដែល​កំណត់​តែ​ប្រតិបត្តិ​ការ​ទទួល​ប្រាក់​បញ្ញើ និង​ផ្តល់​ឥណទាន ប៉ុន្តែ​មិន​រួម​បញ្ចូល​កម្រៃ​សេវា​ផ្សេងៗ​ទៀត​នោះទេ​។

តាម​របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦ ក្នុង​ចំណោម​ប្រភព​ចំណូល​ជាច្រើន​ប្រភេទ ធនាគារ​អេស៊ីលីដា ​បាន​ទទួល​ចំណូល​ពី​កម្រៃ​សេវា និង​សោហ៊ុយ​សរុប ៥២,៨ លាន​ដុល្លារ​។ ក្នុង​ន័យ​នេះ​បើ​គិត​ពន្ធ​លើ​តម្លៃ​បន្ថែម ១០​ភាគរយ មាន​ន័យ​ថា រដ្ឋ​នឹង​ទទួល​បាន​ចំណូល​ពី VAT ពី​អេស៊ីលីដា​ជិត​ ៥,៣ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ នៅ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​ ២០១៧ នេះ​អេស៊ីលីដា ​ទទួល​បាន​ចំណូល​ពី​កម្រៃ​សេវា និង​សោហ៊ុយ​ជិត ១៥ លាន​ដុល្លារ​៕

3

 

 

 

 

 

 

Related Articles

Back to top button
Close
Close