គ.ជ.ប ប្រកាសប្រាប់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យគោរពគោលការស្មើភាព សម្រាប់គណបក្សជួលម៉ោង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មិថុនា ២០១៧) ៖ ដោយរដូវឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមឃុំ-សង្កាត់ ជិតមកដល់។ ពោលគឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នោះ កាលពីថ្ងៃទី១ ឧសភា ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីប្រកាស ដោយប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យគោរពគោលការស្មើភាព សម្រាប់គណបក្សនយោបាយ ដែលជួលម៉ោង។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងអស់ ដែលលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពីគោលនយោបាយគណបក្សរបស់ពួកគេ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាពគ្នា ចំណែកថ្លៃលក់ ឬជួលម៉ោងផ្សាយនោះ ត្រូវស្មើគ្នា និងតាមលំដាប់មុន និងក្រោយ។
គ.ជ.ប បានបន្តថា ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវយកចំនួនម៉ោងសរុបដែលលក់ ឬជួលផ្សាយ ចែកជាមួយចំនួនគណបក្ស ដែលបានចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ (ចំនួន១២គណបក្ស) រួចលក់តែចំណែកម៉ោងដែលគណបក្សនីមួយៗ ត្រូវទទួលបានពីខ្លួន ឲ្យបានស្មើភាពគ្នាត្រឹមត្រូវ។
ប៉ុន្តែបើមានករណីមានគណបក្សតិច ឬមានគណបក្សតែមួយ មកទិញ ឬជួលម៉ោងផ្សាយពីខ្លួន ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្ស ដែលមានលទ្ធភាពទិញ ឬជួលនោះ យ៉ាងច្រើនបានតែ២ដងប៉ុណ្ណោះ។ គ.ជ.ប បានបន្ថែមថា ការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្ស មិនអនុញ្ញាតឲ្យម្ចាស់ស្ថានីយ៍វិទ្យុ ឬទូរទស្សន៍លក់ ឬជួលផ្ដាច់មុខឲ្យគណបក្សណាមួយនោះឡើយ។ ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ មិនត្រូវទទួលខុសត្រូវ ចំពោះខ្លឹមសារ នៃការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនោះឡើយ ពោលសាម៉ីគណបក្ស ត្រូវបានទទួលខុសត្រូវលើខ្លឹមសារនោះ ដោយខ្លួនឯង។
ម្ចាស់ស្ថានីយ៍វិទ្យុ ឬទូរទស្សន៍ ត្រូវគោរពតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវគោរពតាមគោលការណ៍សម្រាប់ផ្សព្វផ្សាយព័ត៌មាន និងគោលការណ៍នានា ដែលតម្រូវឲ្យខ្លួនអនុវត្តតាម អំឡុងពេលឃោសនាបោះឆ្នោតខាងមុខនោះ។
ជាមួយគ្នា គ.ជ.ប ក៍បានព្រមានផងដែរថា បើរកឃើញថា ខ្លឹមសារ នៃការឃោសនាគោលនយោបាយបក្សរំលោភលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ គ.ជ.ប មានសិទ្ធិដកហូត ឬបញ្ឈប់លែងឲ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍នោះ ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារឃោសនាទាំងស្រុង និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានតែម្តង៕