សម្តេចតេជោ អញ្ជើញអធិបតីភាពចូលរួមក្នុងពិធីអបអរសាទរ ទិវាជនពិការកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ ធ្នូ ២០១៦) ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជាលើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។
គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការបានចេញសារលិខិតចូលរួមក្នុងឱកាសទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។
បើតាមសារលិខិតសម្តេចតេជោ បានបញ្ជាក់ថា «ការប្រារព្ធទិវានេះ គឺជាការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសុខុមាលភាព ជនពិការ ហើយជាការអំពាវនាវដល់ បងប្អូនជនរួមជាតិយើងទាំងអស់សូមជួយ ផ្តល់ការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការ ដែលជាធនធាន មិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»៕