ការពង្រឹងគុណភាពវិស្ស័យអប់រំនឹងធ្វើឲ្យកម្ពុជារឹងប៉ឹង
ដោយ៖ ហេង នាង
Cambodia News
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបានផលិតធនធានមនុស្សកាន់តែច្រើនឡើង ជាក់ស្តែង សាលា រៀនដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សបានកើនឡើងកាន់តែ ច្រើន ទាំងនៅក្នុងទីក្រុងនឹង នៅតាមបណ្តាខេត្តនានានៅក្នុងប្រទេស។
ក្នុងមួយឆ្នាំៗនិសិត្សច្រើនម៉ឺននាក់បានចេញពីសាកលវិទ្យាល័យ ប៉ុន្តែមានសំណួរមួយចំនួនកំពុង ចោទឡើង គឺទាក់ទងទៅនឹងគុណភាពអប់រំ នៅក្នុងប្រទេសក្រីក្រមួយនេះ។ ប្រសិនបើគេនិយាយក្នុង ក្របខណ្ឌក្នុងប្រទេស និងផ្អែកលើហេតុផលក្រោយរបបប៉ុលពតគឺថា គុណភាពអប់រំរបស់កម្ពុជាមាន ការរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ។
ប៉ុន្តែប្រសិនបើគេធ្វើការប្រៀបធៀបគុណភាពអប់រំរបស់កម្ពុជាជាមួយប្រទេសនៅក្នុងតំបន់ ឬប្រទេសអភិវឌ្ឍន៍ធំៗវិញ វិស័យអប់រំកម្ពុជាស្ថិតនៅមានកម្រិតនៅឡើយ។មូលហេតុជាច្រើនដែលធ្វើ ឲ្យវិស័យអប់រំរបស់កម្ពុជានៅទន់ខ្សោយគឺដោយសារប្រាក់ខែគ្រូបង្រៀននៅតាមសាលារដ្ឋមានចំនួនតិចតួចធ្វើឲ្យគ្រូបង្រៀនគ្មានទឹកចិត្តនឹងបង្រៀនសិស្សនោះឡើយ។
មួយទៀតដោយសារគ្រូបង្រៀនមួយចំនួនបាត់បង់ក្រមសីលធម៌មានន័យថា ប្រាក់ខែរដ្ឋទាបមែន ប៉ុន្តែគ្រូខ្លះក៏អាចរកក្រៅបានគួរសមដែរ។ រកកម្រៃក្រៅផ្លូវការបានច្រើនហើយ ប៉ុន្តែពួកគេនៅតែគ្មាន ឆន្ទៈនឹងបង្រៀនប៉ុន្មានទេ។ នេះគឺដោយសារសង្គមធ្វើឲ្យពួកគេការបាត់បង់សតិសម្បជញ្ញៈក្នុងនាម ជាអ្នកបណ្តុះបញ្ញាញាណ។ អ្នកតាមដានសភាពការណ៍សង្គមកម្ពុជាបាន អត្ថាធិប្បាយថា រដ្ឋាភិបាល គួរពិចារណាបន្ថែមទៀតពីរឿងគុណភាពអប់រំនេះ។ គុណភាពមនុស្សគឺជារឿងស្លាប់រស់របស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។
សូមកុំភ្លេចថា គ្រួសារមួយ សហគមន៍មួយ ប្រទេសជាតិមួយ ដែលសម្បូរទៅដោយមនុស្សមាន ចំណេះដឹងប្រកបដោយគុណភាពខ្ពស់ គ្រួសារនោះ សហគមន៍នោះ ប្រទេសនោះពិតជាអភិវឌ្ឍ លឿនជាងគ្រួសារ សហគមន៍ឬប្រទេសដែលមិនសូវមានអ្នកចេះដឹង៕