សម្តេច ហ៊ុន សែន ប្រាប់បងប្អូនខ្មែរនៅឆែកតាមដានព័ត៌មានពីកម្ពុជាឲ្យបានជាប្រចាំ

សារព័ត៌មាន​ Cambodia News/

ឆែក (១៤ តុលា ២០១៩) ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកដល់សណ្ឋាគារនៅក្នុងទីក្រុងប្រាក (Prague, Czech) គឺមានបងប្អូនប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែរ និងមន្រ្តីស្ថានទូតជាច្រើនរូបបានអញ្ជើញមកទទួលស្វាគមន៍ សម្តេចនាយករដ្ឋមន្រ្តី ដោយទឹកមុខរីករាយ និងដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។

តាមកម្មវិធីរសៀលនេះ គឺ សម្តេចតេជោ គ្រោងនឹងអញ្ជើញទៅទស្សនាទីក្រុងចាស់របស់ប្រទេសឆែក ប៉ុន្តែ សម្តេចតេជោ បានលុបចោលកម្មវិធីនេះ ហើយបានអញ្ជើញផ្តល់កិត្តិយសជួបជុំជាមួយបងប្អូនខ្មែរដែលបានមករង់ចាំទទួលសម្តេចវិញ ដោយសម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយសិស្សនិស្សិតដែលមានឱកាសបានសមកសិក្សានៅប្រទេសដែលមានការរីកចម្រើនដូចប្រទេសឆែកនេះ។

នេះជាមោទនភាពរបស់កម្ពុជា ដែលមានធនធានមនុស្សកំពុងបណ្តុះបណ្តាលនៅគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។ ទោះបីមិនបាននៅជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែក្នុងនាមនាយករដ្ឋមន្រ្តីគឺសម្តេចប្រមុខដឹកនាំតែងតែនឹករឮកនិងស្រឡាញ់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មិនថាតែនៅក្នុងប្រទេសឆែកនេះទេ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់បងប្អូន និងកូនក្មួយនិស្សិតនៅឆែកអោយបានដឹងពីការទទួលទានអំបុកទូទាំងប្រទេសនៅថ្ងៃទី ៩ វិឆ្ឆិកា ២០១៩ ដែលត្រូវចំថ្ងៃឯករាជ្យជាតិ និងបន្តដោយថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩) ដែលកម្ពុជាបានសម្រេចយកថ្ងៃនេះជាទិវាហូបអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់ឲ្យបងប្អូនសហគមខ្មែរនៅឆែក និងកូនក្មួយទាំងអស់តាមដានព័ត៌មានពីកម្ពុជាឲ្យបានជាប្រចាំ ជាពិសេស តាមហ្វេសប៊ុគសម្តេចផ្ទាល់ និងតាមហ្រ្វេសញ៉ូជាដើម ចៀសវាងមានគេប្រឌិតព័ត៌មានមិនពិតពីកម្ពុជា។

សម្តេចប្រមុខដឹកនាំក៏បានផ្តាំផ្ញើដល់បងប្អូនខ្មែរ និងកូនក្មួយនិស្សិតដែលកំពុងសិក្សានៅប្រទេសគេយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពច្បាប់ប្រទេសគេអោយបានល្អ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានផ្តល់ទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្មួយៗ ដែលកំពុងសិក្សានៅទីនេះប្រកបដោយក្តីស្រឡាញ់ក្នុងបរិយាកាសរីករាយនិងស្និទស្នាលក្រៃលែង៕ ដោយ៖ សហការី​

Related Articles

Back to top button
Close
Close