គណៈកម្មការ៖« លោក ថាក់ស៊ីន​ត្រូវតែ​ស្ថិត​នៅ​ក្រៅ​ឆាកនយោបាយ​ថៃ »

នៅថ្ងៃច័ន្ទ ទី១៧ កញ្ញានេះ លោក កានិត ណាណាកន ប្រធានគណៈកម្មការ ឯករាជ្យមួយបានបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីនដែលកំពុង រស់នៅបរទេសត្រូវតែបោះបង់ចោលទំាងស្រុងនូវការ វិលត្រលប់ចូលប្រឡូក ក្នុងឆាកនយោបាយថៃជាថ្មី។ ការអះអាងរបៀបនេះដោយលោក ណាណាកន ផ្តល់មូលហេតុថា គឺដើម្បីរក្សាស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ។

ពិតមែនតែអស់អំណាចតំាងពីឆ្នំា ២០០៦ ដោយរដ្ឋប្រហារយោធាក៏ដោយ ក៏នាពេលបច្ចុប្បន្ន លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាន់ស៊ីន ស៊ីណាវ៉ាត់នៅ តែជាឥស្សរជននយោបាយដ៏សំខាន់ និងកំពុងមានប្រជាប្រិយភាពខ្លំាងនៅ ក្នុងចំណោមប្រជារាស្រ្តថៃទូទៅ។ ក៏ប៉ុន្តែ លោក កានិត ណាណាកន ប្រធាន គណៈកម្មការឯករាជ្យ និងជាអតីតព្រះរាជអាជ្ញាបានយល់ឃើញថា ដើម្បីរក្សា ស្ថិរភាពនយោបាយថៃបច្ចុប្បន្ន លោក ថាក់ស៊ីនត្រូវតែដកខ្លួនឲ្យឆ្ងាយ ពីប្អូនស្រីរបស់គាត់ដែលបានកាន់ តំណែងនាយករដ្ឋមន្រ្តីតំាងពី១ឆ្នំាមក ហើយ។

« ខ្ញុំគិតថា លោក ថាក់ស៊ីនត្រូវតែបញ្ឈប់គ្រប់តួនាទីរបស់ខ្លួននៅក្នុងឆាក នយោបាយថៃ » នេះជាការបញ្ជាក់របស់លោក កានិត ណាណាកននៅក្នុង កិច្ចសន្ទនាមួយតាមទូរទស្សន៍។ ការបញ្ជាក់របស់លោក កានិត ណាណាកន ពេលនេះបានធ្វើឡើង មុនគណៈកម្មការរបស់លោកចេញផ្សាយរបាយការណ៍មួយ មានចំណងជើងថា « សច្ចៈភាពដើម្បីការផ្សះផ្សារជាតិ » ស្តីពីវិបត្តិនយោបាយ ឆ្នំា ២០១០។ លោក ណាណាកនបានបន្ថែមថា លោកស្រី យីងឡាក់ធ្វើការងារ បានល្អណាស់ លោក ថាក់ស៊ីនត្រូវតែទុកឲ្យប្អូនស្រីខ្លួនបន្តដឹកនំាប្រទេស ថៃ។

គួររំលឹកជូនថា ក្នុងរយៈពេល ២ខែ គឺចន្លោះខែមីនា និងឧសភាឆ្នំា ២០១០ មាន ក្រុមបាតុករអាវក្រហមគាំទ្រលោក ថាក់ស៊ីនប្រមាណជា ១០ម៉ឺននាក់បានបោះជំរំ នៅចំកណ្តាលទីក្រុងបាងកក មុននឹងត្រូវកម្លំាងយោធាបើកយុទ្ធនាការវាយ បំបែក។ គឺជាព្រឹត្តិការណ៍ដ៏ហិង្សាមួយដែលបានផ្តាច់ជីវិតមនុស្សជាង ៩០នាក់ និងរងរបួស ១ ៩០០នាក់ផ្សេងទៀត។

តាមពិតទៅ លោក កានិត ណាណាកនបានត្រូវជ្រើសតំាងជាប្រធានគណៈកម្ម ការឯករាជ្យមួយនេះនៅក្នុង ជំនាន់រដ្ឋាភិបាលរបស់លោកនាយកដ្ឋមន្រ្តី អាប់ភីស៊ីត និងដែលកាលណោះ បានទទួលការរិះគន់យ៉ាងខ្លំាងពីសំណាក់ ក្រុមអាវក្រហម។ ប៉ុន្តែ តំាងពីលោកស្រី យីងឡាក់បានជាប់ឆ្នោតក្នុងខែ កក្កដា ឆ្នំា ២០១១ មក លោកស្រី យីងឡាក់ក៏សម្រេចបន្តទុកតំណែងលោក កានិត ណាណាកនដដែល។ តំាងពីពេលនោះមក លោក កានិតដែលជាអតីតព្រះ រាជអាជ្ញាដ៏គួរឲ្យគោរពរូបនេះ បានបង្ហាញពីការធ្វើការងារប្រកបដោយ ឯករាជ្យ និងតម្លាភាព។

កាលពីដើមឆ្នំា ២០១២នេះ គឺរូបលោក កានិតនេះឯងដែលបានចេញមុខទាមទារ ឲ្យមានការកែទម្រង់លើច្បាប់ដ៏ រសើបមួយពាក់ព័ន្ធនឹងការនិយាយប៉ះពាល់ដល់ក្រុម គ្រួសាររាជវង្សានុវង្ស។ ការនិយាយប៉ះពាល់ដល់ក្រុមគ្រួសាររាជវង្សដែលនឹងអាច ទទួលទោសជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នំា។ តែអង្គការជាច្រើនបានមើល ឃើញថា ច្បាប់ដ៏រសើបមួយនេះត្រូវបានក្រុមអ្នកបញ្ញវន្តក្នុងទីក្រុងបាងកក យក ទៅប្រើជាអាវុធដើម្បីការបង្រ្កាបផ្នែកនយោបាយ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close