លោក Xi Jinping៖ ជំរុញបុព្វហេតុមិត្តរវាងប្រជាជនចិននិងអាមេរិកតាមរយៈការអប់រំ
Cambodia News
«យុវជនមានភាពរស់រវើកបំផុត និងមានក្តីសុបិនបំផុត ពួកគេគឺជាអនាគតនិងក្តីសង្ឃឹមនៃទំនាក់ទំនងចិន-អាមេរិក ហើយក៏ជាអនាគតនិងក្តីសង្ឃឹមនៃពិភពលោកផងដែរ»។ «ការអប់រំអាចកសាងស្ពានមួយ ដើម្បីតភ្ជាប់ប្រជាជននៃប្រទេសចិននិងអាមេរិកជាមួយគ្នា»។ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តាំផ្ញើដល់យុវជននៃប្រទេសទាំងពីរ ឲ្យយល់ដឹងគ្នារាប់អានគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក និងប្រើកម្លាំងយុវភាពដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនសម្រាប់មិត្តភាពចិន-អាមេរិក។
នៅឆ្នាំ១៩៩៣ កាលនោះ លោក Xi Jinping ជាលេខាធិកាបក្សប្រចាំក្រុងហ៊្ចូចូវ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន ដើម្បីជំរុញឲ្យក្រុងហ៊្ចូចូវនិងក្រុងតាកូម៉ាបង្កើតទំនាក់ទំនងមិត្តភាព។ នៅពេលនោះ គណៈប្រតិភូក៏បានទៅទស្សនាសាលាមធ្យមសិក្សាលីនខុនផងដែរ។ ២២ ឆ្នាំក្រោយមក លោក Xi Jinping បានទៅទស្សនកិច្ចនៅសាលានេះម្តងទៀត និស្វាគមន៍សិស្សានុសិស្សនៅសាលាលីនខុន «ទៅលេងប្រទេសចិនឲ្យបានច្រើន» ដើម្បី «ស្វែងយល់ពីប្រទេសចិនឲ្យកាន់តែគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ព្រមទាំងស្រឡាញ់ចូលចិត្តប្រទេសចិន»។
មួយឆ្នាំក្រោយមក សិស្សជាងមួយរយនាក់ពីសាលាមធ្យមសិក្សាលីនខុន បានទៅប្រទេសចិនក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូ ហើយក្លាយជា «ភ្ញៀវវ័យក្មេង» របស់លោកប្រធានរដ្ឋចិន Xi Jinping។ ពួកគេបានមើលឃើញដោយផ្ទាល់ភ្នែកនូវប្រទេសចិនដែលរួមបញ្ចូលទាំងធាតុផ្សំបុរាណកាលនិងទំនើប ហើយបានបង្កើតមិត្តភាពជាមួយសិស្សចិនជាច្រើន។ មិត្តភាពនេះបន្តរហូតមកដល់សព្វថ្ងៃ។
សព្វថ្ងៃ ការផ្លាស់ប្តូរឆ្លងមហាសមុទ្របែបនេះ បានតភ្ជាប់ជំនាន់យុវវ័យនៅត្រើយទាំងសងខាងនៃមហាសមុទ្រ ក្នុងទ្រង់ទ្រាយធំជាងមុន និងមានការរៀបចំជាប្រព័ន្ធ។
នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ថា «ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ យើងនឹងអញ្ជើញយុវជនអាមេរិកចំនួន ៥ ម៉ឺននាក់ទៅប្រទេសចិនដើម្បីធ្វើការផ្លាស់ប្តូរនិងសិក្សា»។ គំនិតផ្តួចផ្តើមនេះសម្រេចបានគោលដៅតាមការរំពឹងទុកដោយប្រើរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ។
«ចងចំណងមិត្តភាពជាមួយគូលីង» គឺជារឿងរ៉ាវមួយទៀតដែលលោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមជំរុញមិត្តភាពសង្គមស៊ីវិលរវាងចិននិងអាមេរិកដោយផ្ទាល់។ ក្នុងពេលបំពេញការងារនៅក្រុងហ៊្ចូចូវ លោក Xi Jinping បានស្តាប់ឮរឿងដ៏រំជួលចិត្តរបស់ជនជាតិអាមេរិកឈ្មោះកាដឺណា ដែលនឹករលឹកដល់ទីកន្លែងរស់នៅកាលពីកុមារភាពរបស់គាត់នៅតំបន់គូលីងក្រុងហ៊្ចូចូវ។ លោកបានជំរុញឲ្យភរិយារបស់លោកកាដឺណាមកប្រទេសចិនដើម្បីសម្រេចក្តីសុបិនរបស់ស្វាមី។
លោក Xi Jinping បានរៀបរាប់ពីរឿងគូលីងជាច្រើនដង។ នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ លោកបានផ្ញើសារអបអរការការបើកវេទិកាមិត្តភាពប្រជាជនចិន-អាមេរិកឈ្មោះ «មនោសញ្ចេតនាគូលីង» និងសប្តាហ៍ផ្លាស់ប្តូរយុវជនចិន-អាមេរិកឈ្មោះ «មនោសញ្ចេតនាគូលីង»។ លោកផ្តល់អនុសាសន៍ថា មិត្តភាពរវាងប្រជាជនចិននិងអាមេរិក «ត្រូវលូតលាស់រឹងមាំនិងកើតកាលវាលគុម្ព ដូចដើម China Cedar អាយពាន់ឆ្នាំនៅលើភ្នំគូលីង» និងលើកទឹកចិត្តឱ្យយុវជននៃប្រទេសទាំងពីរ «បន្តវេនមិត្តភាពចិន-អាមេរិកពីមួយជំនាន់ទៅមួយជំនាន់»។ សព្វថ្ងៃ សកម្មភាពផ្លាស់ប្តូរប្រជាជនក្រោម «ចងចំណងមិត្តភាពជាមួយគូលីង» ត្រូវបានរៀបចំជាបន្តបន្ទាប់ ហើយមានទម្រង់កាន់តែច្រើន និងមានទ្រង់ទ្រាយកាន់តែធំ។
«គឺដោយសារការយកចិត្តទុកដាក់របស់លោកប្រធានរដ្ឋចិន Xi Jinping ទើបមានការស្វែងរករឿងរ៉ាវគូលីង និងក្លាយជាកម្លាំងជំរុញការផ្លាស់ប្តូររវាងប្រជាជនអាមេរិក-ចិន»។ លោកស្រី Elyn Gregg Cheney MacInnis អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងវប្បធម៌គូលីងមកពីអាមេរិកបាននិយាយថា សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនដែលធ្វើជាបន្តបន្ទាប់និងមានខ្លឹមសារសម្បូរបែប បានធ្វើឲ្យកិច្ចការមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរមានអនាគតកាន់តែធំទូលាយ៕
