សម្តេចម៉ែយាងគោរពវិញ្ញាណក្ខន្ធសពស្ថាបនិកអង្គការភាពញញឹមនៃកុមារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ កញ្ញា ២០១៦) ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានយាងមកគោរពវិញ្ញាណក្ខន្ធសពស្ថាបនិកអង្គការភាពញញឹមនៃកុមារ (PSE) គឺលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ដោយផ្ទាល់ នៅទីតាំងរបស់អង្គការ ស្ថិតក្នុងផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងកិច្ចយាងមកដល់នោះ ក៏បានការសម្តែងនូវគារវកិច្ចទទួលពីសំណាក់ក្រុមកុមារាកុមារី សិស្សានុសិស្សតូចធំ និងលោកគ្រូអ្នកគ្រូ រួមទាំងភរិយាលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ គឺលោកស្រី រីម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ យ៉ាងកក់ក្តៅជាទីសោមនោសផងដែរ ។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏បានសម្តែងនូវទឹកចិត្តសោកស្តាយស្រណោះយ៉ាងពន់ពេកជូនចំពោះសាច់ញាតិនៃសព រួមទាំងក្រុមសិស្សានុសិស្សទាំងអស់ចំពោះការបាត់បង់ជីវិតរបស់លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលលោកជាបុគ្គលបានជួយសង្គ្រោះ និងកែប្រែវាសនាមនុស្សរាប់ពាន់នាក់ឲ្យរួចផុតពីភាពតោកយ៉ាក លំបាក ក្រីក្រ និងគ្មានទីជម្រកជាដើម ។ ឆ្លៀតក្នុងឱកាសដដែលនោះ សម្តេចម៉ែក៏បានចូលរួមបច្ច័យជាថវិការមួយចំនួនធំជូនដល់សាច់ញាតិនៃសពផងដែរ ។
គួររំលឹកថា លោកគ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលសិស្សទូទៅហៅលោកថា PaPi បានទទួលមរណភាពកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងវ័យ៨២ឆ្នាំ ។ លោក និងប្រពន្ធ គឺលោកស្រីម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ ជាជនជាតិបារាំង និងបានចូលមករស់នៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយពួកគាត់បានស្នើទៅដល់ព្រះមហាក្សត្រ ដើម្បីសុំចូលជាសញ្ជាតិខ្មែរ ក៏ត្រូវបានព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ឡាយព្រហស្តឯកភាពតាំងពីឆ្នាំ២០០៤ ៕