ក្រសួងព័ត៌មាន នឹងតាមដានប្រព័ន្ធផ្សព្វផ្សាយចំពោះការប្រើគោរមងារចាប់ពីថ្ងៃទី០១កក្កដាទៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កក្កដា ២០១៦) ៖ មន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ជាថ្មីថា ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅក្រុមការងារក្រសួងព័ត៌មាន នឹងចាប់ផ្ដើមបូកសរុបរាល់ម៉ោងផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ថាប៉ុស្តិ៍ណាមិនប្រើគោរមងារសម្ដេច ប៉ុស្តិ៍ណាប្រើគោរមងារសម្ដេច រួចយករបាយការណ៍ទាំងនោះទៅដាក់ជូនរដ្ឋមន្ត្រីដើម្បីសម្រេច។ យ៉ាងណាក្តី ក្រសួងមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីប្រើវិធានការរបស់ខ្លួននៅឡើយទេ។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបញ្ជាក់ ថា ប្រព័ន្ធផ្សព្វផ្សាយគួរតែយល់ពីវប្បធម៌ប្រពៃណីរបស់ខ្មែរ៖ “គេ សរុបការងារហ្នឹងតាមការកំណត់ណាមួយហើយពេលនោះយើងនឹងដឹងពី វិធានការណាមួយមិនខាន។ ជាក់ស្តែងបើគេអត់ជួយយើង យើងជួយគេម៉េចកើត។ដល់តែមានជួយគ្នាទៅវិញទៅមក បើយើងទាមទារតែខាងរដ្ឋាភិបាលពេក តែយើងអត់ឱនលំទោនខ្លះ មិនដឹងធ្វើម៉េចទេ”។
គួររំលឹកថា កាលពីខែឧសភា ក្រសួងព័ត៌មាន ចេញសេចក្ដីណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រើគោរមងារសម្ដេច ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ។ បើស្ថាប័នសារព័ត៌មានណា មិនអនុវត្តតាមនោះ វិធានការអាចជាការបញ្ចប់ឬមិនផ្ដល់អាជ្ញាប័ណ្ណបន្តទៀតចំពោះ ស្ថាប័នព័ត៌មានទាំងឡាយណាដែល ចុះបញ្ជីជាមួយក្រសួងព័ត៌មាន៕