តើផែនការអភិវឌ្ឍន៍ក្នុងឆ្នាំថ្មីនិងប្រាំឆ្នាំខាងមុខរបស់ប្រទេសចិនបានបញ្ចូនសញ្ញាអ្វីខ្លះទៅកាន់ពិភពលោក?
Cambodia News
ដូចការគ្រោងទុក មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន(NPC)បានបើកធ្វើនៅថ្ងៃទី៥ ខែមីនា ចំណែកមហាសន្និបាតនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន(NCCPPCC)បានបើកធ្វើនៅថ្ងៃទី៤ ខែមីនាកន្លងទៅនេះ។
មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនដែលបើកធ្វើមួយឆ្នាំម្តងមិនត្រឹមតែជាការកំណត់ផែនការអភិវឌ្ឍន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកំណត់ផែនការសម្រាប់ការអភិវឌ្ឍជាមួយពិភពលោកផងដែរ ដូច្នេះទទួលបានការតាមដានជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។
ជាពិសេសក្នុងមហាសន្និបាតនៃសភាទាំងពីរលើកនេះ ក្រៅពីការពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាល តំណាងប្រជាជននៃ NPC និងសមាជិកនៃ NCCPPCC ក៏នឹងពិនិត្យពិភាក្សាសេចក្តីព្រាងនៃ«ផែនការ៥ ឆ្នាំទី១៥» ដើម្បីឈានដល់ការអនុម័តជាផ្លូវការដោយមហាសន្និបាត NPC ដែលនឹងកំណត់ពីទិសដៅការងាររបស់ប្រទេសជាតិក្នុងអំឡុងពេល៥ ឆ្នាំខាងមុខ។
ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលដែលថ្លែងដោយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនក្នុងពិធីបើកមហាសន្និបាត NPC ឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនក្នុងឆ្នាំ២០២៥ មានកំណើន៥% ឯគោលដៅGDPក្នុងឆ្នាំ២០២៦ នេះគឺក្នុងចន្លោះ៤.៥%-៥% ដែលបង្ហាញពីភាពធន់និងភាពនឹងនរនៃសេដ្ឋកិច្ចចិនបើទោះបីជាស្ថិតក្នុងបរិបទដែលនិម្មាបនកម្មពិភពលោកមានការប្រែប្រួលដ៏ខ្លាំងក្លា ហើយស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ និងសណ្តាប់ធ្នាប់សកលកំពុងប្រឈមនឹងការសាកល្បងដ៏តឹងរ៉ឹងក៏ដោយ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក ការអភិវឌ្ឍរបស់ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងការអភិវឌ្ឍរបស់ពិភពលោក។ ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលតែងតែលើកឡើងថា៖ «ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតឆ្ងាយពីពិភពលោកបានទេ ឯការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនដែរ»។ អាស្រ័យហេតុនេះ គេសង្កេតឃើញថា ចាប់តាំងពីការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយកាលពីឆ្នាំ១៩៧៨ មក ផែនការអភិវឌ្ឍន៍ជាតិរបស់ចិនក្រៅអំពីផ្តោតលើការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសខ្លួនឱ្យរីកចម្រើននិងខ្លាំងក្លា ក៏បានផ្តោតសំខាន់លើការតភ្ជាប់ជាមួយពិភពលោកផងដែរ ពោលគឺចូលរួមយ៉ាងសកម្មជាមួយនឹងការអភិវឌ្ឍរបស់ពិភពលោក រហូតដល់ដើរតួនាទីជាក្បាលម៉ាស៊ីនដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកទៀតផង។
ភាពប្រាកដប្រជានៃសេដ្ឋកិច្ចចិនដែលរក្សាការអភិវឌ្ឍក្នុងភាពនឹងនរ បានរួមចំណែកក្នុងចន្លោះ៣០% ចំពោះកំណើន GDP របស់ពិភពលោកជារៀងរាល់ឆ្នាំ ដែលមានន័យថា រាល់កំណើនសេដ្ឋកិច្ចមួយភាគរយរបស់ប្រទេសចិន គឺស្មើនឹងទំហំសេដ្ឋកិច្ចសរុបក្នុងមួយឆ្នាំរបស់ប្រទេសចំណូលមធ្យម។ ក្នុងបរិបទដែលល្បឿនកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថាមានត្រឹមតែ៣.៣% ការដែលប្រទេសចិនដាក់ចេញទិសដៅកំណើន GDP ក្នុងចន្លោះ៤.៥%-៥%ក្នុងឆ្នាំ២០២៦ គឺបានបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំផង ក៏ជាការបង្ហាញពីការស្វែងរកការអភិវឌ្ឍដោយអនុលោមតាមសភាពជាក់ស្តែងផង ពោលគឺគោរពតាមការពិត មិនបំផ្លើសបំប៉ោង។
ទិសដៅការងារក្នុងឆ្នាំ២០២៦ របស់ចិនក៏បានប្រាប់ទៅពិភពលោកថា ប្រទេសចិននឹងផ្តោតលើការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា , ពន្លឿនការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណីនិងអភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មី , លើកកម្ពស់ការកសាងសមត្ថភាពអភិវឌ្ឍន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យនិងម្ចាស់ការ , ជំរុញយ៉ាងប្រាកដប្រជានូវការស្តារនិងអភិវឌ្ឍជនបទ , ជំរុញការធ្វើនគរូបនីយកម្មទំនើប , ជំរុញការធ្វើបរិវត្តកម្មបៃតងនិងពង្រីកថែមទៀតនូវការបើកទូលាយចំពោះក្រៅប្រទេស ដូចជាការជំរុញការកែលម្អរចនាសម្ព័ន្ធនិងពង្រីកទំហំនៃពាណិជ្ជកម្មអន្តរជាតិ ពង្រីកកិច្ចសហការនិងវិនិយោគទៅវិញទៅមក ពិសេសគឺការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺការអនុម័ត«ផែនការ៥ ឆ្នាំទី១៥» ដែលវានឹងបង្ហាញជូនពិភពលោកអំពីភារកិច្ចជាយុទ្ធសាស្ត្រសំខាន់របស់ប្រទេសចិនក្នុងអំឡុងពេល៥ ឆ្នាំខាងមុខ ជាពិសេសប្រទេសចិនបានដាក់ចេញគោលដៅរយៈពេលវែងមួយគឺការសម្រេចបានជាមូលដ្ឋាននូវការកសាងសង្គមនិយមទំនើបនៅឆ្នាំ២០៣៥ ដូច្នេះ«ផែនការ៥ ឆ្នាំទី១៥»ដែលអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាដំណាក់កាលគន្លឹះសម្រាប់ការឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣៥ ។
តាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ក្នុងអំឡុងពេល៥ ឆ្នាំនេះ ប្រទេសចិននឹងផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ , ពង្រឹងនិងពង្រីកសេដ្ឋកិច្ចវិលជុំក្នុងប្រទេស , ជំរុញវិបុលភាពសម្រាប់ទាំងអស់គ្នា និងធ្វើផែនការគោលសម្រាប់ការអភិវឌ្ឍនិងសន្តិសុខ។
មិនថាទិសដៅការងារប្រចាំឆ្នាំឬទិសដៅការងាររយៈពេលវែង គឺសុទ្ធតែបានប្រាប់ទៅពិភពលោកថា ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយសម្រេចការឆ្លើយតបនឹងគ្រប់និន្នាការនៃយុគសម័យតាមរយៈភាពបត់បែន ភាពធន់និងភាពចាស់ទុំនៃគោលនយោបាយរបស់ខ្លួន។
អ្វីដែលមិនប្រែប្រួលនោះគឺ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ក៏ចិនមិនផ្តោតតែលើការអភិវឌ្ឍរបស់ខ្លួនដើម្បីនាំមកនូវផលប្រយោជន៍និងសុខុមាលភាពសម្រាប់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែចិនក៏រីករាយចែករំលែកឱកាសអភិវឌ្ឍន៍របស់ខ្លួនជាមួយបណ្តាប្រទេសជាមិត្ត ចែករំលែកទីផ្សារធំរបស់ខ្លួនជាមួយវិនិយោគិនគ្រប់ជាតិសាសន៍ ដើម្បីឆ្ពោះទៅការសម្រេចចក្ខុវិស័យអភិវឌ្ឍន៍រួម វិបុលភាពរួម និងទីបំផុតគឺសម្រេចការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន



