រថ​យន្ត​កុង​តឺន័រ​ បើក​បុក​ម៉ូតូ ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ និង​ ២នាក់​រង​របួស​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង២៣និង២០នាទី​យប់ ថ្ងៃទី២២ ខែមិថុនា​ បុរស​ម្នាក់​ស្លាប់ភ្លាមៗនៅនឹងកន្លែង ២នាក់​ទៀត​រងរបួស ខណៈ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ត្រូវ​រថយន្ត​កុងតឺន័រ​បុកពេញទំហឹង​​ ស្ថិត​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​បុរសរងគ្រោះ​ឈ្មោះ ជា វ៊ិ​ត អាយុ៣០ឆ្នាំ មុខរបរ ជា​ជាងផ្សារដែក ​មានស្រុក​កំណើត ភូមិ​ត្រពាំង​រកា ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ។ ​មុនពេល​កើតហេតុ​ រថយន្ត​កុងតឺន័រ​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សី​ហុន 3A-0463 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​កើត​ទៅ​លិច លុះ​ទៅដល់​ចំណុចកើតហេតុ​ ក៏​បោះពួយ​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ១គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ថ-៤០៥៦ ភព១ ជិះ​គ្នា៣នាក់​ចំ​ពីមុខ​ពេញទំហឹង ​បណ្តាល​ឲ្យ​បុរស​ទាំង៣នាក់ ម្នាក់​ស្លាប់ ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។

ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ សមត្ថកិច្ច​ទាក់ទង​ទៅក្រុមគ្រួសារ​ ឲ្យ​មក​ទទួល​​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ​បាលចរ​រាច​រណ៍​ជើងគោក​ រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដោះស្រាយ៕ ​ ហេង នាង

c

Related Articles

Back to top button
Close
Close