មន្ត្រីអង្គការសហប្រជាជាតិ នាំផែនទីកម្ពុជា មកដល់ភ្នំពេញហើយ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៩ សីហា ២០១៥) ៖ ដូចការគ្រោងទុក ផែនទីដើមរបស់កម្ពុជា ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានខ្ចីពីអង្គការសហប្រជាជាតិ ត្រូវបានមន្ត្រីអង្គការសហប្រជាជាតិពីររូប បានដឹកមកដល់កម្ពុជាហើយ នៅវេលាម៉ោងជាង ១០ យប់ ថ្ងៃទី១៨ ខែសីហា។
ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលទៅទទួលផែនទីដើមរបស់កម្ពុជា គឺដឹកនាំដោយ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី និង លោកស្រី កុយ ពិសី ខាងគណៈកម្មការកិច្ចការព្រំដែនរបស់រដ្ឋាភិបាល។
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ មន្ត្រីអង្គការសហប្រជាជាតិទាំងពីររូប នឹងយកផែនទីកម្ពុជា ទៅប្រគល់ជូនរាជរដ្ឋាភិបាល តំណាងដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នៅវិមានរដ្ឋាភិបាល។
គួរបញ្ជាក់ថា ពិធីប្រគល់ទទួល និងផ្ទៀងផ្ទាត់ផែនទី ត្រូវបានរាជរដ្ឋាភិបាល អញ្ជើញតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តំណាងព្រឹទ្ធសភា តំណាងរដ្ឋសភា តំណាងរាជបណ្ឌិតសភា និងទីប្រឹក្សារាជរដ្ឋាភិបាលជាជនបរទេស ព្រមទាំងអ្នកកាសែតចូលរួមផងដែរ៕