ច្បាប់​ចរាចរណ៍​ ថ្មី​​នឹង​​ដាក់​​អនុវត្តនៅដើម​​ឆ្នាំ​​ ២០១៦ ​​​ដោយ​​ការផាក់ពិន័យ​​គុណ​​ ៥ដង

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១០ កក្កដា ២០១៥) ៖ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ទាក់ទង​នឹង​ការ​ផាក​ពិន័យ​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព និង​ពាក់​ខ្សែក្រវាត់ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​ ១ មករា ឆ្នាំ ២០១៦ នេះ​តទៅ​ដោយ​ការ​ពិន័យ​​គុណ​នឹង​ ៥ ដង​លើស​ពី​មុន។

ការ​មិន​ពាក់​មួក​សុវត្ថិភាព​ទាំង​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​ដោយ​ទោចក្រ​យានយន្ត​នឹង​ត្រូវ​នគរបាល​ចរាចរណ៍​ពិន័យ​ចំនួន ១៥០០០ ​រៀល រីឯ​អ្នក​បើកបរ​រថយន្ត​ធុន​ស្រាល​មិន​ពាក់​ខ្សែ​ក្រវាត់​ត្រូវ​ពិន័យ​ ២៥០០០ ​រៀល​ហើយ​អ្នក​បើកបរ​យានយន្ត​ធុន​ធ្ងន់​ត្រូវ​ពិន័យ​ចំនួន​ ៥០០០០ រៀល។

នេះ​បើ​តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី «ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក» ដែល​ទទួល​បាន​ពី​ម្សិលមិញ​។

សេចក្តី​ព្រាង​អនុក្រឹត្យ​ដែល​មាន​​ ៤ មាត្រា និង ១៣ ជំពូក​ក៏​បាន​​​សរសេរ​នូវ​ចំណុច​ជាច្រើន​ទាក់ទង​នឹង​ការ​ផាកពិន័យ​នូវ​ទឹកប្រាក់​ដូច​គ្នា​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ដែល​ល្មើស​ច្បាប់​រួមមាន​អ្នក​បើកបរ​មិន​យក​ជាប់​ខ្លួន​នូវ​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត​អ្នក​បើកបរ​ដាក់​កុមារ​ក្រោម ១០ ឆ្នាំ អង្គុយ​នៅ​កៅអី​ខាង​មុខ​នៃ​រថយន្ត អ្នក​បើកបរ​បើក​យានយន្ត​ដោយ​កុងទ័រ​ល្បឿន​មិន​ដំណើរការ និង​អ្នក​បើកបរ​យានយន្ត​ប្រើប្រាស់​ទូរស័ព្ទ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​ជាដើម។

ការ​បើកបរ​បង្ហោះ រេ​ចុះ​ឡើង ឆាប ឬ​កៀរ នឹង​ត្រូវ​ផាក​ពិន័យ​ ២០០០០ រៀល​ចំពោះ​ទោចក្រយានយន្ត ផាក​ ៤០០០០ ​រៀល​ចំពោះ​យានយន្ត​ធុន​ស្រាល និង ៧៥០០០ រៀល​ចំពោះ​យានយន្ត​ធុន​ធ្ងន់។ ចំណុច​នេះ​ក៏​ត្រូវ​អនុវត្ត​ចំពោះ​ការ​បើក​យានយន្ត​ដែល​ម៉ាស៊ីន​​បញ្ចេញ​សំឡេង​ខ្លាំង ឬ​ផ្សែង​ច្រើន​ខុស​បទដ្ឋាន បើកបរ​យានយន្ត​ដែល​គ្មាន​ដំណើរការ​នៃ​ផ្លិត​ជូត​កញ្ចក់​មុខ​ផង​ដែរ៕

6

 

Related Articles

Back to top button
Close
Close