ទីក្រុងម៉ានីលងាក​ទៅ​រក​សន្ធិសញ្ញា​ជា​មួយ​​អាមេរិក​នៅ​ក្នុង​ជម្លោះ​ដែន​ដី​ជា​មួយ​ចិន

 

ទង់ជាតិចិននៅសំណង់ថ្មីមួយនៅ Mischief Reef ពីក្រុមកោះ Spratlys ជម្លោះនៅសមុទ្រចិនខាងត្បូង។

កែប្រែទំហំអក្សរ

Steve Herman

22 កក្កដា 2012

ភាពប្រទាញប្រទង់ដ៏តានតឹងរបស់កងទ័ពទឹក ដែលបណ្តាលមកពីការទាមទារយកដែនដីប្រកបដោយភាពប្រកួតប្រជែង រវាងប្រទេសចិន (China) និងហ្វីលីពីន (Philippines) កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើសន្ធិសញ្ញាមិនច្បាស់លាស់មួយ រវាងហ្វីលីពីន និងទីក្រុង វ៉ាស៊ីនតោន (Washington)។សន្ធិសញ្ញាការពារជាតិទ្វេភាគី រវាងសហរដ្ឋអាមេរិកនិង ហ្វីលីពីន កំពុងត្រូវបានលើកយកមកប្រើឡើងវិញ ទាំងនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល (Manila) ដោយក្រុមអ្នកការទូតនិងអ្នកនយោបាយ ដែលភាគច្រើននៃអ្នកទាំងនោះមិនទាន់កើតនៅឡើយទេ នៅពេលដែលសន្ធិសញ្ញានេះ ត្រូវបានសរសេរនៅក្នុងឆ្នាំ១៩៥១។ក្រុមមន្រ្តីកំពុងព្យាយាមបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងត្រូវបាន បង្ខំឱ្យជួយរដ្ឋាភិបាលក្រុងម៉ានីលដែរឬយ៉ាងណា ប្រសិនបើមានការប៉ះទង្គិចផ្នែកយោធារវាង ហ្វីលីពីន និងចិន នៅក្នុងតំបន់សមុទ្រដាច់ស្រយាលមួយ ដែលមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងលិចនៃឆកសមុទ្រ ស៊ូបិក (Subic Bay)។

អស់រយៈពេលជាងមួយខែមកហើយ ទាំងហ្វីលីពីន និងចិន បានដាក់នាវារបស់ខ្លួននៅជុំវិញប្រជុំកោះ ស្កាបូរូក ស្សូអាល (Scarborough Shoal) បន្ទាប់ពីនាវារបស់ចិនបានរារាំងនាវាជើងទឹករបស់ហ្វីលីពីន មិនឱ្យចាប់ខ្លួនអ្នកនេសាទជាតិចិន។

ទាំងហ្វីលីពីន និងចិន ទាមទារយកដែនទឹកទាំងនេះ។

សន្ធិសញ្ញារវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន មិនបានចែងឱ្យច្បាស់លាស់អំពីសមុទ្រចិនខាងត្បូងនោះទេ។ ប៉ុន្តែ ក្រសួងការបរទេសរបស់ហ្វីលីពីន កំពុងផ្សព្វផ្សាយលិខិតទាំងឡាយ ដែលខ្លួនទទួលពីក្រុមមន្រ្តីសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧៩និង១៩៩៩ ដើម្បីធ្វើជាភស្តុតាងដែលថា សន្ធិសញ្ញានេះលាតសន្ធឹងទៅលើការទាមទារ ដែនដីរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ តំបន់ទាំងនោះរួមមានប្រជុំកោះ ស្សូអាល់ (shoal) ព្រមទាំងផ្នែកខ្លះនៃកោះ ស្រ្ពែតលី (Spratly Islands) ដែលត្រូវបានទាមទារដោយប្រទេសជាច្រើន។

កាលពីឆ្នាំមុន លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មានប្រសាសន៍ថា សហរដ្ឋអាមេរិក «នឹងគោរពតាមកាតព្វកិច្ចក្នុងសន្ធិសញ្ញារបស់ខ្លួនចំពោះប្រទេស ហ្វីលីពីន» ប៉ុន្តែមិនបាននិយាយអំពីថាតើសហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងអ្វីដែល លោកស្រីហៅថា «ព្រឹត្តិការបែបសមត្ថកម្ម» ដូចជាការវាយប្រហាររបស់ចិន ទៅលើកងកម្លាំងរបស់ហ្វីលីពីន នៅលើប្រជុំកោះស្រ្ពែតលី ដែលគ្មានមនុស្សរស់នៅ ដោយរបៀបណានោះទេ។

លោក ដែននី រ៉យ (Denny Roy) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលអ៊ីសវែស (East West Center) នៅក្នុងរដ្ឋហាវៃ (Hawaii) អះអាងថា ការផ្តោតការយកចិត្តទុកដាក់ខ្លាំងហួសហេតុត្រូវបានធ្វើឡើងទាក់ទង ទៅនឹងការប្រើប្រាស់ភាសានៅក្នុងសន្ធិសញ្ញា និងសេចក្តីថ្លែងការពាក់ព័ន្ធជាបន្តបន្ទាប់ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។

«ជាជាង ខ្ញុំសម្លឹងមើលបញ្ហានេះ ដែលផុសចេញពីទស្សនដ៏គ្រប់ជ្រុងជ្រោយចំពោះអ្វីដែលជា ផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់សហរដ្ឋអាមេរិក ដែលត្រូវធ្វើនៅក្នុងហេតុការណ៍ជាយថាហេតុណាមួយដែលយើងអាច ព្យាករណ៍ទុកមុននៅទីនេះ។ ហើយ ពិតប្រាកដណាស់ ការដែលសហរដ្ឋអាមេរិកនិងប្រទេសចិនបានធ្លាក់ចូលទៅក្នុងសង្រ្គាម បាញ់គ្នា ជុំវិញបញ្ហាដែលហៅថា ប្រជុំកោះស្រ្ពែតលី នឹងមិនសមហេតុផលនោះទេ។ តាមដែលអាចយល់បានគឺថា ទាំងសហរដ្ឋអាមេរិកនិងចិន នឹងមិនធ្លាក់ចូលក្នុងស្ថានភាពមិនសមហេតុផលដោយសារតែក្រដាសប៉ុន្មាន សន្លឹកនោះទេ»។

ប្រទេស ហ្វីលីពីនតែឯង ដោយមានកងនាវាជើងទឹកហួសសម័យ ឬនាវាចម្បាំងធន់ស្រាលចំនួន១២គ្រឿង ហើយគ្មានយន្តហោះចម្បាំងមួយសោះនោះ នឹងមើលឃើញខ្លួនឯងថាមានអាវុធតិចជាងកងកម្លាំងរបស់ចិនយ៉ាងធំសម្បើម ។

ដូចដែលលោក ឃារ៉ូលីណា ហឺណង់ដេហ្ស៍ (Carolina Hernandez)សាស្រ្តាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ ហ្វីលីពីន (Philippines University) កត់សម្គាល់ថា មនុស្សមួយចំនួន ដែលកាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ បានធ្វើយុទ្ធនាការដើម្បីធ្វើឱ្យមានការដកយោធាសហរដ្ឋអាមេរិកចេញពី ប្រទេស បានផ្លាស់ប្តូរចិត្ត កាលពីពេលថ្មីៗនេះ។

«សូម្បីតែនៅក្នុងចំណោមក្រុមឆ្វេងនិយម មានការទទួលស្គាល់ដែរថា ហ្វីលីពីន មិនអាចប្រឆាំងតទល់ជាមួយប្រទេសចិនដោយខ្លួនឯងបានទេ។ អាស្រ័យដូច្នេះហើយ ដោយសារតែផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងសមុទ្រហ្វីលីពីនភាគខាងលិច។ នៅត្រង់ចំណុចនេះក្នុងពេលនេះតែម្តង ហ្វីលីពីនមានភាពស្របគ្នាដោយមានការរំពឹងទុក ដែលថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមការពារផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស ទាំងពីរ»។

សាស្រ្តាចារ្យ ហឺណង់ដេហ្ស៍ ដែលជាប្រធានស្ថាបនិករបស់វិទ្យាស្ថានសម្រាប់ការសិក្សា អំពីយុទ្ធសាស្រ្តនិងការអភិវឌ្ឍន៍ (Institute for the Strategic and Development Studies) នៅទីក្រុង ម៉ានីល ពន្យល់ថា ប្រជាពលរដ្ឋហ្វីលីពីនជាច្រើន មិនសប្បាយចិត្តអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលអាចលើសលប់ទៅលើផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ដែលកើតមានតាំងពីឆ្នាំ១៨៩៨មកម្ល៉េះ។

«មានអ្នកដែលនៅតែគិតថា សហរដ្ឋអាមេរិកមិនគួរឲ្យទុកចិត្តបានទេ។ អ្នកទាំងនេះមិនគិតថា សហរដ្ឋអាមេរិកនឹងធ្វើឲ្យទំនាក់ទំនងដ៏ផុយស្រួយរបស់ខ្លួនជាមួយ ប្រទេសចិនស្ថិតក្នុងភាពប្រថុយប្រថាន ដើម្បីការពារផលប្រយោជន៍ដែនសមុទ្រនៅហ្វីលីពីននោះទេ ហើយថាសហរដ្ឋអាមេរិកនឹងមិនជួយហ្វីលីពីននោះទេ ពីព្រោះទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន គឺមានសារសំខាន់ខ្លាំងណាស់ នៅក្នុងបែបផែនអំណាចថ្មី ដែលមិនមែនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងពិភពលោកទៀតផង»។

លោក ចន បូលតុន (John Bolton) អតីតអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និយាយថា នោះគឺជាកំហុសមួយ។

«ហ្វីលីពីន មានសិទ្ធិបញ្ជាក់អំពីការទាមទារស្របច្បាប់របស់ខ្លួន ចំពោះអ្វីដែលពួកគេយល់ថាជាទឹកដីរបស់ខ្លួន ដោយផ្អែកទៅលើភូគព្ភសាស្រ្ត និងប្រវត្តិសាស្រ្ត ព្រមទាំងសន្ធិសញ្ញាដែរ។ល។ ហើយខ្ញុំគិតថា ការព្រមព្រៀងមតិគ្នាជារួមគឺថា ជាការពិតណាស់ ការទាមទារយកទឹកដីរបស់ចិន គឺមិនអាចទទួលយកបាន»។

លោក បូលតុន ថ្លែងថា ទីក្រុងវ៉ាស៊ីនតុន គួរលើកទឹកចិត្តឱ្យសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា អាស៊ាន ដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន ដូច្នេះ ពួកគេអាចបង្កើតជំហររួបរួមមួយ ដើម្បីបង្ហាញជាមួយនឹងសហរដ្ឋអាមេរិកថា ការប៉ុនប៉ងរបស់ចិនដើម្បីគ្រប់គ្រងដែនទឹកអន្តរជាតិ នឹងមិនអាចអត់ឱនបានទេ។

លោក បូលតុន ដែលធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ ព្យាករណ៍ថា ប្រទេសចិននឹង«ស្ទាបស្ទង់និងជំរុញ»ការទាមទារដែនសមុទ្ររបស់ខ្លួន តាមដែលខ្លួនអាចធ្វើទៅបាន រហូតដល់ប្រទេសនេះពើបប្រទះទៅនឹងការជំទាស់យ៉ាងខ្លាំងក្លាណាមួយ។

អ្នកវិភាគមួយចំនួន អះអាងថា វាជាកំហុសមួយសម្រាប់ទីក្រុង ប៉េកាំង ក្នុងការចាត់ទុករដ្ឋបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ថាជាអ្នកសម្របសម្រួលប្រកបដោយសក្តានុពលនោះ។ ពួកគេនិយាយថា វាច្បាស់ណាស់ថា ទីក្រុងវ៉ាស៊ីនតុន នឹងពិចារណាបញ្ជូនកងនាវាដឹកយន្តហោះចម្បាំងទី៧ ដើម្បីទាមទារមកវិញនូវប្រជុំកោះដែលមានជម្លោះ ប្រសិនបើកងកម្លាំងដែលមានឧត្តមភាពជាងរបស់ចិន លើសលប់លើកងទ័ពជើងទឹករបស់ ហ្វីលីពីន។

សម្រាប់រយៈពេលខ្លីនេះ មានអ្នកដែលព្យាករណ៍ទុកថា ភាគីទាំងអស់នឹងស្វែងរកមធ្យោបាយដែលអាចរក្សាមុខមាត់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

ប៉ុន្តែ មធ្យោបាយនេះនឹងទុកឲ្យជម្លោះដែនដីដ៏ទូលំទូលាយនេះ មិនអាចដោះស្រាយបាន នៅក្នុងតំបន់ នៅចំពេលដែលប្រទេសចិន កំពុងអះអាងទាមទារយកសមុទ្រចិនខាងត្បូង ដែលសំបូរទៅដោយធនធាននិងជាយុទ្ធសាស្រ្ត ហើយសហរដ្ឋអាមេរិកកំពុងបង្ហាញអំពីចេតនារបស់ខ្លួន ក្នុងការរក្សាឥទ្ធិពលនៅតំបន់ប៉ាស៊ីហ្វិកមួយ៕

ប្រែសម្រួលដោយ ឌី ខាំបូលី

 

Related Articles

Back to top button
Close
Close