ឆ្នាំនេះ សណ្តែក និងពោត នឹងទទួលទិន្នផលច្រើន
សារព័ត៌មាន Cambodia News/
បាត់ដំបង (០៦ ឧុសភា ២០១៥) ៖ បន្ទាប់ពីស្តេចមាឃ និងព្រះមេហួរ ដឹកនាំភ្ជួររាស់ និងសាបព្រោះស្រូវ ពោត សណ្តែក ល្ង ជានិមិត្តរូប ចំនួន ៣ ជុំ នៅវាលព្រះស្រែ ក្នុងទីលានពហុកីឡាដ្ឋាន នៅទីរួមខេត្ត បាត់ដំបង គឺក្រុមអ្នករៀបចំពិធី បានដឹកគោឧសភរាជ ( គោបារបស់ព្រះមហាក្សត្រ ) ចំនួន ២ ក្បាល ដើម្បីឲ្យបរិភោគវត្ថុ ៧ យ៉ាង រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា។ [ អានបន្ត ]
ការផ្សងប្រផ្នូលតាមរយៈគោបានេះ ត្រូវបានអាច្ចារ្យព្រាហ្មប្រកាសលទ្ធផលព្យាករថា នៅឆ្នាំនេះ ទិន្នផលពោត និងសណ្តែក ដែលប្រជាកសិករនឹងធ្វើការដាំដុះ នៅរដូវវស្សាឆ្នាំនេះ នឹងទទួលបានលទ្ធផលច្រើន។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៥ នៅព្រឹកថ្ងៃទី៦ឧសភានេះ បានប្រារព្ធឡើង នៅទីរួមខេត្តបាត់ដំបង ក្រោមព្រះរាជអធិប តីដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះ នរោត្តម សីហមុនី រួមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមហាជនជាច្រើននាក់។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលធ្វើឡើងតាមបណ្តាខេត្ត នៅឆ្នាំនេះ ជាឆ្នាំទី៣ ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក បន្ទាប់ពីអាក់ខាន មិនបានផ្សាយព្រះរាជពិធីនេះ អស់ពេលពីរឆ្នាំមកហើយ នៅទីរួមខេត្តកណ្តាល និងនៅទីរួមខេត្ត កំពង់ចាម។
សូមរម្លឹកថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានព្រះមហាក្សត្រ ដឹកនាំប្រារព្ធ ជារៀងរាល់ឆ្នាំ នៅថ្ងៃ៤ រោច ខែពិសាខ។ ព្រះរាជពិធីនេះ ជាពិធីមង្គលមួយ ដែលគេចាត់ទុកថា ជាការចាប់ផ្តើមប្រសិទ្ធពរ ឲ្យដល់ប្រជាកសិករ ក្នុងការចាប់ផ្តើមធ្វើស្រែចម្ការ នៅរដូវវស្សា ឲ្យទទួលបានទិន្នផលខ្ពស់៕