ខ្សែ​ភាពយន្ត Two Shadows បង្ហាញ​លក្ខណៈ​ពីរ​នៃ​ប្រទេស​កម្ពុជា

                                        នាង សុវណ្ណា ជាជនជាតិខ្មែរអាមេរិកាំងក្នុងរឿងស្រមោលពីរ

Two Shadows ឬ ស្រមោលពីរជាខ្សែភាពយន្តដែលសរសេរនិងដឹកនាំរឿងដោយលោក Grag Cahill បានទទួលរង្វាន់ពីរនៅឯមហោស្រពខ្សែភាពយន្តអាស៊ីបាស៊ីហ្វីកនៃ ទីក្រុង Los Angelesគឺរង្វាន់ចំណូលចិត្តទស្សនិកជននិងរង្វាន់ទស្សនីយភាព អស្ចារ្យ។

ស្រមោលពីរបង្ហាញនូវលក្ខណៈកំប្លែងអាថ៌កំបាំងរួមជាមួយនឹងភាព ក្រៀមក្រំនៅក្នុងរឿងមួយតាមដាននាង សុវណ្ណា ជាជនជាតិខ្មែរអាមេរិកាំងដែលសម្រេចចិត្តចាកចេញពីរដ្ឋកាលីហ្វញ៉ា ទៅប្រទេសកំណើតរបស់ខ្លួនដើម្បីស្វែងរកប្អូនៗរបស់នាងដែលវង្វេង បាត់ខ្លួន។

ការស្វែងរករបស់នាងបាននាំឲ្យនាងចូលជ្រៅទៅក្នុងប្រទេសកម្ពុជានិងពាក់ព័ន្ធជ្រៅនឹងបញ្ហាផ្សេងទៀត។

លោក Cahill បានប្រាប់ថា រឿងនេះទាក់ទងនឹងព្រឹត្តិការណ៍ពិត ទោះបីជាវាមានការកែច្នៃខ្លះដើម្បីឲ្យសាច់រឿងកាន់តែមានភាព ទាក់ទាញ។ ប៉ុន្តែយ៉ាងណាក៏ការកែច្នៃនោះពោរពេញទៅដោយភាពសាំញ៉ាំ និងពិស្តាដែលធ្វើឲ្យសាច់រឿងកាន់តែមានភាពជាក់ស្តែង។

លោកGrag Cahill អ្នកដឹកនាំរឿងនិយាយថា៖ «អ្នកដែលស្គាល់ខ្ញុំដឹងថា ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា។ ប៉ុន្តែការស្រឡាញ់នេះហាក់បីដូចជាការស្រឡាញ់បងប្អូនដែលក្នុង នោះមានលក្ខណៈរបស់គេជាច្រើនដែលយើងទើសចិត្ត។ ស្រឡាញ់ ហើយយើងចង់ចាប់យកនូវចំណុចលាំគ្នាទាំងនោះ ពីព្រោះខ្ញុំមិនដែលឃើញវាពីមុន»។

 

ជារឿយៗ ចំណុចលាំគ្នាទាំងនេះត្រូវបានប្រើជាការធ្វើឲ្យកំប្លែង ដូចជានាងសុវណ្ណា ដែលដើរតួដោយនាងផលសុភា បានជួបជាមួយមិត្តរបស់នាងដែលមានចរិតចម្លែក រួមទាំងគូសត្រូវដែលនាងមិននឹកស្មានដល់នៅក្នុងដំណើរស្វែងរក របស់នាង។

Christen Marquez ជាអ្នកសហការផលិត បានឲ្យដឹងថា ការកំប្លែងធ្វើឲ្យរឿងកាន់តែពោរពេញទៅដោយគ្រប់រសជាតិ។

Christen Marquez សហផលិតករនិយាយថា៖ «វាល្អណាស់ដែលអ្នកទស្សនាចាប់យកចំណុចកំប្លែងទាំងនោះ។ ខ្ញុំគិតថា Gragពិតជាធ្វើបានល្អណាស់ក្នុងការដាក់បញ្ចូលនូវ ការកំប្លែង កន្លែងនេះបន្តិច កន្លែងនោះបន្តិច ដើម្បីឲ្យទស្សនិកជនសម្រាលអារម្មណ៍ពីរឿងដែលប្រកបដោយមនោសញ្ចេតនា និងវិនាកម្ម»។

រឿងស្រមោលពីរត្រូវបានថតនៅប្រទេសកម្ពុជាដើម្បីឲ្យកាន់តែមាន លក្ខណៈពិតៗ។ នាងផលសុភាបានប្រាប់ថា នាងបានរៀនសូត្រនូវចំណុចមួយចំនួនដែរពីប្រទេសកម្ពុជា។

ផលសុភា ដែលសម្តែងជានាងសុវណ្ណា និយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជាបានដាក់ឲ្យនៅកន្លែងមួយ ហើយស្វែងយល់ថា តើប្រទេសកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច។ អ្វីដែលនៅជុំវិញខ្លួនខ្ញុំ អ្វីដែលខ្ញុំឃើញនិងក៏ដូចជាស្រូប យកនូវអារម្មណ៍ផ្សេងៗដែលខ្ញុំទទួលបានពេលដែលនៅក្បែរមនុស្សរបស់ខ្ញុំ»។

លោកCahill ប្រាប់ថា លោកសង្ឃឹមថា រឿងនេះនឹងមានចេញជា DVD និង Blueray នៅពេលខាងមុខ៕ (VOA)
http://khmer.voanews.com/content/cambodia-two-shadows-film-tells-two-tails-159525955/1405939.html

Related Articles

Back to top button
Close
Close