លើក​កម្ពស់​ភាព​អង់អាច​របស់​ស្ត្រី និង​យេនឌ័រ​ក្នុង​ប្រទេស​ទន្លេ​មេគង្គ​ក្រោម

ដោយ  ផល សុវណ្ណវត្តី

Cambodia News

មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំង៥ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងមន្ត្រីសហរដ្ឋអាមេរិកផងថ្មីៗនេះបានមកជួបប្រជុំនៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើគោលនយោបាយលើកលើកដំបូងស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី ក្នុងការស្វែងរកនូវគំនិតសំខាន់ៗរួមគ្នា សម្រាប់ជួយលើកស្ទួយស្ថានភាពស្ត្រីឱ្យបានប្រសើរឡើង។

សហរដ្ឋអាមេរិក គឺជាអ្នកដែលបានផ្ដួចផ្ដើមឱ្យមានកិច្ចពិភាក្សានេះដែលបានធ្វើឡើងនៅឯសណ្ឋាគារមួយនាខេត្តសៀមរាបកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១២ គឺដើម្បីឱ្យបណ្ដាប្រទេសនៃទន្លេមេគង្គក្រោមចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រជួយដល់ស្ត្រីនៅតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបើកកិច្ចពិភាក្សានោះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនៃប្រទេសកម្ពុជា បាននិយាយថា ការជួបប្រជុំគ្នារវាងប្រទេសទាំង៥នៃទន្លេមេគង្គក្រោម នេះ គឺជាការស្វែងរកឱ្យឃើញបញ្ហារួមគ្នាដែលជាឧបសគ្គដល់ស្ត្រី នៅក្នុងតំបន់ ហើយនឹងធ្វើការចែករំលែកបទពិសោធន៍គ្នា ដើម្បីដោះស្រាយ។

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងអនុវត្តគោលនយោបាយ ជំរុញឱ្យសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាដល់ស្ត្រី ដោយរដ្ឋាភិបាលបានបង្កើនថវិកាទៅលើកម្មវិធីជាច្រើនជារៀងរាល់ ឆ្នាំ។

ការតាមការឲ្យដឹងរបស់លោកស្រីគឺថា ក្រសួងកិច្ចការនារីបានចំណាយប្រាក់ប្រមាណ ៣លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីធ្វើការងារជាច្រើនជួយដល់ស្ត្រីកម្ពុជា ហើយថ្មីៗ ថវិកាចំនួន ២០០លានរៀល ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនដែរ ដើម្បីធ្វើកិច្ចការជំនួយផ្នែកច្បាប់ និងជួយស្ត្រីដែលជាជនរងគ្រោះដោយអំពើហិង្សា។

គួរបញ្ជាក់ដែរថា ប្រទេសទន្លេមេគង្គក្រោមទាំង៥ ដែលកំពុងជួបប្រជុំនោះមាន ប្រទេសកម្ពុជា ភូមា ឡាវ ថៃ និងវៀតណាម៕(អត្ថបទនេះសរសេរឡើងក្រោមការគាំទ្រពីអង្គការ Trocaire)

Related Articles

Back to top button
Close
Close