វិបត្តិ​​នៅអឺរ៉ុប​​ធ្វើឲ្យ​​ប៉ះពាល់​​ដល់​​កំណើន​​សេដ្ឋកិច្ច​​អាស៊ី​​

ធនាគារ អភិវឌ្ឍន៍អាស៊ីបានសម្ដែងឲ្យដឹងនូវក្តីបារម្ភរបស់គេនៅ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីផលវិបាកនៃវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ហើយនិង ការថយចុះនៃកំណើនសេដ្ឋកិច្ចអាមេរិកាំង ដែលធ្វើឲ្យប៉ះពាល់ដល់សន្ទុះកំណើនសេដ្ឋកិច្ចនៃប្រទេសកំពុង អភិវឌ្ឍន៍នៅអាស៊ី។

កំណើនសេដ្ឋកិច្ចនៃ ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍រីកចម្រើន ជួបនឹងការថមថយស្រុតចុះនៅឆមាសទីមួយឆ្នាំ២០១២ ក៏ដោយហេតុតែមានការធ្លាក់ស្រុតចុះនៃសន្ទុះកំណើនសេដ្ឋកិច្ច អាមេរិកាំង ហើយនិងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប បានមកកាត់បន្ថយការបញ្ជាទិញទំនិញផលិតនៅក្នុងប្រទេសអាស៊ី។ ទាំងនេះ ពិតជាធ្វើឲ្យការនាំចេញនៃប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍រីកចម្រើនធ្លាក់ ស្រុតចុះ។ បើការនាំចេញធ្លាក់ស្រុតចុះ ធ្វើម្តេចនឹងមានសន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងទៅកើត?

ដូច្នេះ សេដ្ឋកិច្ចនៃប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍រីកចម្រើនខ្លាំង ដែលពឹងពាក់ទៅលើការនាំទំនិញចេញទៅលក់ឲ្យសហរដ្ឋអាមេរិកនិងប្រទេសនៅក្នុងតំបន់អឺរ៉ុបដែលកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិ ហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ច្បាស់ជាត្រូវឋិតនៅក្នុងស្ថានភាពមួយទន់ខ្សោយ។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏ពុំភ្លេចធ្វើការរំលឹកពីសន្ទុះកំណើន សេដ្ឋកិច្ចធ្លាក់ចុះទន់ខ្សោយនៅក្នុងមហាប្រទេសចិននិងឥណ្ឌា ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងទ្វីបអាស៊ីផងដែរ។

បើយោងតាមការប៉ាន់ប្រមាណរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសចិននៅឆ្នាំ២០១២អាចធ្លាក់មកនៅ៨,២% ទល់នឹង៨,៥% ដែលបានប៉ាន់ស្មាននៅខែមេសាកន្លងទៅ។

ក៏ដូចគ្នាអ៊ីចឹងដែរ សម្រាប់អត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសឥណ្ឌានៅឆ្នាំ២០១២អាចធ្លាក់ មកនៅ៦,៥%ទល់នឹង៧%ដែលបានប៉ាន់ស្មានដោយធនាគារអភិវឌ្ឍន៍អាស៊ី កាលពីពេលមុន។

សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍រីកចម្រើនខ្លាំងនៅក្នុងទ្វីបអាស៊ី ដទៃទៀត បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ជាមធ្យមមានអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៦,៦%ស ម្រាប់ឆ្នាំ២០១២ និង ៧,១%សម្រាប់ឆ្នាំ២០១៣ ទល់នឹងការប៉ាន់ប្រមាណនៅខែមេសាកន្លងទៅដែលថា អាចមាន ៦,៩% សម្រាប់ឆ្នាំ២០១២និង៧,៣%សម្រាប់ឆ្នាំ២០១៣។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍វិញ អត្រាកំណើនសេដ្ឋកិច្ចអាចមាន៥,២%សម្រាប់ឆ្នាំ២០១២និង៥,៦%សម្រាប់ ឆ្នាំ២០១៣ ដែលជាតួលេខប្រហាក់ប្រហែលនឹងការប៉ាន់ប្រមាណនៅខែមេសាកន្លងទៅ។
គួរកត់សម្គាល់ថា សេដ្ឋកិច្ចថៃមានសន្ទុះខ្លាំងគ្រាន់បើ រីឯសេដ្ឋកិច្ចហ្វីលីពីនវិញក៏ពុំអន់ប៉ុន្មានឡើយ។ រីឯការទិញដូរហូបចុកផ្ទៃក្នុងរបស់ប្រទេសឥណ្ឌូនេស៊ីដែលមាន សន្ទុះខ្លាំង ក៏ជាកត្តាមួយដ៏វិជ្ជមានមកជួយអូសទាញម៉ាស៊ីនសេដ្ឋកិច្ចក្នុងតំបន់ អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។

រីឯប្រទេសចិនវិញ នៅថ្ងៃសុក្រទី១៣កក្កដាឆ្នាំ២០១២នេះបានប្រកាសឲ្យដឹងថា អត្រាកំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី២ឆ្នាំ២០១២មានប្រមាណតែ៧,៦% ដែលជាអត្រាមួយទាបបំផុតពុំដែលកើតមានចាប់តាំងពីមានវិបត្តិ ហិរញ្ញវត្ថុពិភពលោកមក។ ទាំងនេះបានបណ្តាលឲ្យរដ្ឋាភិបាលចិនបន្តធ្វើការបន្ធូរសម្រួល “នយោបាយរូបិយវត្ថុ”របស់ខ្លួន។

គួរបញ្ជាក់ថា សេដ្ឋកិច្ចចិនបានទទួលរងគ្រោះដោយហេតុតែមានវិបត្តិសេដ្ឋកិច្ចនិង វិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ហើយនិងវិបត្តិអចលនទ្រព្យ ដែលជាមូលហេតុធ្វើឲ្យ “អត្រានៃកំណើនសេដ្ឋកិច្ច”នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ ពិភពលោកជួបនឹងការថមថយស្រុតចុះអស់រយៈកាលមួយឆ្នាំកន្លះមកហើយ។
នៅឆ្នាំ២០១០ អត្រាកំណើនសេដ្ឋកិច្ចចិនមាន១០,៤% ៩,២%សម្រាប់ឆ្នាំ២០១១ ហើយនិង៧,៨%សម្រាប់ឆមាសទីមួយឆ្នាំ២០១២។ នេះជាតួលេខរបស់ការិយាល័យខាងស្ថិតិ។

ដូច្នេះ សេដ្ឋកិច្ចនៃប្រទេសចិនត្រូវតែខិតខំរិះរក “តុល្យភាព” របស់ខ្លួន ដោយត្រូវជួយជំរុញឲ្យមានសន្ទុះក្នុងការទិញដូរហូបចុកផ្ទៃក្នុង ដើម្បីជួយទប់ទល់នឹងការខាតបង់ក្នុងវិស័យនាំចេញទៅកាន់សហរដ្ឋ អាមេរិក ជាពិសេសនៅអឺរ៉ុបដែលកំពុងមានវិបត្តិសេដ្ឋកិច្ចនិងវិបត្តិ ហិរញ្ញវត្ថុដ៏សែនធ្ងន់ធ្ងរ។ មូលហេតុទាំងនេះហើយ ដែលបាននាំឲ្យលោកនាយករដ្ឋមន្ត្រីចិន វិន ជាប៉ាវ ថ្លែងថា “ធ្វើឲ្យកំណើនសេដ្ឋកិច្ចមានស្ថិរភាព” គឺជាការចាំបាច់បន្ទាន់សម្រាប់ប្រទេសចិន។

ដូច្នេះ ដើម្បីការពារនិងជួយជំរុញសេដ្ឋកិច្ចឲ្យមានសន្ទុះ ធនាគារកណ្តាលចិនបានបញ្ចុះអត្រាការប្រាក់នាំមុខដល់ទៅពីរលើក។ ម្តងនៅដើមខែមិថុនា និងម្តងទៀតនៅដើមខែកក្ដដា។ គួរបញ្ជាក់ថា ការបញ្ចុះអត្រាការប្រាក់នាំមុខបែបនេះ ពុំដែលកើតមានសោះឡើយចាប់តាំងពីខែធ្នូឆ្នាំ២០០៨ នៅខណៈពេលដែលវិបត្តិហិរញ្ញវត្ថុបានធ្វើការវាយសំពងយ៉ាងសែន ខ្លាំងក្លាយ៉ាងណាក៏ដោយ៕

Related Articles

Back to top button
Close
Close