សម្តេចតេជោផ្ញើលិខិតអបអរសាទរដែលល្ខោនខោលត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីបេតិកភ័ណ្ឌ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (២៩ វិច្ឆិកា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញលិខិតផ្ញើជូនជនរួមជាតិក្នុងឱកាសដែល ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៨។
តាមរយៈលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចអំណាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ៕