ឃ្មឹប បង្ហាញវត្តមានដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងក្រុមកំប្លែងនាយហុងដា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មិថុនា ២០១៤) ៖ អតីតតារាកំប្លែងក្នុងក្រុមនាយកុយ អ្នកនាង រ៉េន សុធារី ហៅឃ្មឹប បានបង្ហាញវត្តមានដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងក្រុមកំប្លែងដែលដឹក នាំដោយនាយហុងដា ក្នុងកម្មវិធីប៊ុមប៊ុម ខនសឺត របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលមានការផ្សាយបន្តផ្ទាល់នៅរៀងរាល់ថ្ងៃអាទិត្យចុងសប្តាហ៍ ។
តារាកំប្លែងស្រអាប់ពណ៌ក្រោយលែងលះស្វាមីរូប នេះ បានបង្ហាញវត្តមានដ៏គួរឱ្យភ្ញាក់ផ្អើលតាមកញ្ចក់ទូរទស្សន៍ជាថ្មី បន្ទាប់ពីមុននេះបន្តិចមានការលេចឮព័ត៌មានពីក្រុមអ្នកសិល្បៈ ដូចគ្នាបានអះអាងថា អតីតតារាកំប្លែងរូបនេះ បានធ្លាក់ខ្លួនញៀនថ្នាំដល់កម្រិត បន្ទាប់បាត់បង់ឱកាសទីផ្សារការងារក្នុងអាជីពសិល្បៈ ។
ការបង្ហាញវត្តមាននាពេលនេះសបញ្ជាក់ឱ្យឃើញថា នាងមិនបានបាត់ទៅណាឆ្ងាយពីរង្វង់សិល្បៈឡើយ ហើយប្រភពដែលថា នាងញៀនថ្នាំនេះ ក៏រឹតតែមិនជាក់លាក់មួយរយភាគរយដែរ ខណៈពេលរូបរាងដែលបានបង្ហាញតាមកញ្ចក់ទូរទស្សន៍នាពេលនេះមើលទៅមិន សមជាអ្នកញៀនថ្នាំឡើយ ។
លោកជួង ជី ហៅកុយ ដែលជាអតីតប្រធានក្រុមកំប្លែងនាងឃ្មឹប ដែរនោះ បានអះអាងថា លោកទទួលស្គាល់ពីការបង្ហាញវត្តមានជាថ្មីរបស់នាងឃ្មឹប ក្នុងក្រុមកំប្លែងដែលដឹកនាំដោយនាយហុងដា ។ ប៉ុន្តែរយៈពេលដែលនាងឃ្មឹប មកសម្តែងកំប្លែងវិញ ជាមួយនាយហុងដា នាពេលនេះ រូបលោកក៏មិនបានដឹងច្បាស់លាស់ឡើយ ។
តាមការឱ្យដឹងពីនាយកុយ កាលដែលនាយហុងដា សម្រេចហៅនាងឃ្មឹប មកសម្តែងកំប្លែងវិញនេះ ដោយសារចង់ជួយរកប្រាក់ចំណូលបន្ថែមដល់នាងឃ្មឹប បន្ទាប់ពីមើលឃើញពីជីវភាពដុនដាបរបស់នាង ។ នាយកុយ បញ្ជាក់ថា បើទោះបីជានាយហុងដា បាននាំនាងឃ្មឹប មកសម្តែងជាមួយខ្លួនវិញយ៉ាងណាក៏ដោយ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកទាំងពីរបានត្រូវរ៉ូវគ្នាវិញឡើយ ព្រោះពេលនេះនាយហុងដា បានមានប្រពន្ធកូនថ្មីរួចហើយដែរ៕