ខៀវ សានសាណា ឡើងច្រៀងទាំងបុកពោះ
សារព័ត៌មាន Cambodia News /
ភ្នំពេញ(០៣ កុម្ភៈ ២០១៤) ៖ ពិធីការិនីនៅស្ថានីយទូរទស្សន៍ស៊ីធី ខៀវ សានសាណា ដែល ច្រើនឆ្នាំមកហើយនោះ ថ្មីៗនេះបានបង្ហាញទេពកោសល្យថ្មីរបស់ខ្លួននៅទូរទស្សន៍ ផ្សេង គឺទូរទស្សន៍អប្សរា តាមរយៈការឡើងច្រៀង ។ នៅក្នុងកម្មវិធី «ប្រស្នាតារា» របស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១។
លើស ពីនេះ អ្នកនាងសាណា បានឡើងច្រៀងទាំងបុកពោះ ។ គ្រានោះអ្នកដែលចូលរួមនៅក្នុងកម្មវិធី ពិសេសអ្នកទស្សនាផ្ទាល់ ងាកមុខសួរនាំគ្នាទៅវិញទៅមកពីរឿងនាងសាណា បង្ហាញមុខនៅទូរទស្សន៍ផ្សេង ដែលមិនមែនជាទូរទស្សន៍បំពេញការងារប្រចាំថ្ងៃ ។ គ្រានោះនាងសានសាណា ច្រៀង និងបង្ហាញកាយវិការយ៉ាងរស់រវើក ធ្វើឱ្យអ្នកទស្សនាស្ទើរតែមិនជឿសោះថា នាងចេះច្រៀង ព្រោះមិនមែនជាអាជីពរបស់នាងទេ ។
ពិធីការិនីដែលមាន ប្រវត្តិសិក្សាផ្នែកវិជ្ជាសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ និងមានកូន២នាក់ទៅហើយ តែនៅតែស្អាតរូបនេះថ្លែងថា ចំពោះនាងចាប់ពីពេលនេះទៅអាចសម្តែងនៅស្ថានីយទូរទស្សន៍ផ្សេងបាន កុំឱ្យតែនាងទៅធ្វើជាពិធីការិនី គឺមិនបានទេ ។ គ្រប់ជំហាននាងទៅសម្តែងកន្លែងណាក៏នាងប្រាប់អ្នកដឹកនាំឱ្យដឹង ដែរ ។ កន្លងមកទូរទស្សន៍បាយ័ន ក៏ហៅឱ្យនាងចូលលេងក្នុងកម្មវិធីហ្គេមកម្សាន្តដែរ តែនាងរវល់ច្រើន ទើបមិនបានចេញមុខ ។
ចំពោះការចូលរួមកម្ម វិធី «ប្រស្នាតារា» សានសាណា លំបាកខ្លះដែរ ត្រង់ឡើងច្រៀង ព្រោះនាងបានតែខាងនិយាយទេ បើឱ្យច្រៀង និងសម្តែង គឺមិនអាចធ្វើទៅបានល្អដូចអ្នកជំនាញឡើយ ។ នាងស្រឡាញ់ និងចូលចិត្តតារាចម្រៀងកញ្ញាមាស សុខសោភា តែនាងមិនអាចច្រៀងពីរោះដូចទេ ម៉្លោះហើយពេលច្រៀង ម្តងៗចេះតែបុកពោះ ហើយយកតែបទចម្រៀងណាជាប្រភេទបទញាក់ សប្បាយៗដើម្បីបានរាំយោង ។ សាណា អះអាងថា នាងគ្មានបំណងដើរចោលកន្លែងចាស់ទេ ព្រោះនាងនៅទីនោះ១១ឆ្នាំហើយ ។ ណាមួយទីនោះនៅតែផ្តល់ការងារច្រើនឱ្យនាងបំពេញជាបន្តបន្ទាប់ ជាក់ស្តែងបច្ចុប្បន្ននាងមានកម្មវិធីជាច្រើនសម្រាប់រ៉ាប់រង៕