សុខ ស្រីនាង ឆ្អែតចិត្តនឹងសម្តីប្តី
ភ្នំពេញ៖ លោកស៊ី សុវត្ថិ អតីតស្វាមីរបស់អ្នកចម្រៀងសុខ ស្រីនាង បានចេញមុខលាតត្រដាង រឿងស្នេហ៍បែកបាក់ ថែមទាំងបានប្រើពាក្យសម្តីធ្ងន់ៗ បំបាក់ទឹកចិត្តអតីតភរិយាទៀតផង ដោយចាត់ទុកថា ស្រីនាង ជានារីដែលត្រូវការតែបុរសដែលមានទ្រព្យស្តុកស្តម្ភ និងមានបុណ្យស័ក្តិខ្ពង់ខ្ពស់។ តាមប្រភពថា ស្រីនាង ហាក់ឆ្អែតចិត្ត នឹងសម្តីរបស់លោកស៊ី សុវត្ថិ ថែមទាំងបានសម្ងំឱបលាក់ទុក្ខ សម្រក់ទឹកភ្នែកទៀតផង…។
សុខ ស្រីនាង និងលោកស៊ី សុវត្ថិ បានផ្តាច់ចំណងអាពាហ៍ពិពាហ៍ កាលពីអំឡុងឆ្នាំ២០១១ បន្ទាប់ពីបានរួមរស់ជាប្តីប្រពន្ធ រយៈពេលមួយឆ្នាំ និងធ្លាប់ បានស្វែងយល់ចិត្តគ្នា រយៈពេល ៥ឆ្នាំមុនរៀបការ។ ប៉ុន្តែក្រោយ លែងលះក្រៅរបងតុលាការ ត្រូវ បានគេសង្ស័យថា កំហុសឆ្គង មកពីលោកស៊ី សុវត្ថិ ចូលចិត្ត ដើរលេងផឹកស៊ី ស្រីញីខាងក្រៅ ទើប ធ្វើឱ្យស្រីនាង កាត់ផ្តាច់និស្ស័យស្នេហ៍ ហើយក្រោយមក ក៏លេចឮ ថា លោកស៊ី សុវត្ថិ បានទទួល- ស្គាល់កំហុស និងអង្វរករសុំ ជួបជុំភរិយាវិញ តែស្រីនាង មិនព្រម។
ប៉ុន្តែ មុននេះបន្តិច កាលពីអំឡុងចុងខែតុលា កន្លងទៅនេះ លោកស៊ី សុវត្ថិ បានចេញមុខប្រតិកម្មនឹងដំណឹង ខាងលើ ដោយអះអាងថា រវាងលោក និងអតីតភរិយា មិននៅអាឡោះអាល័យ ឬចង់ផ្សះផ្សាស្នេហ៍ឡើងវិញ ដូចការលេចឮនោះឡើយ ហើយដើមចមនៃការបែកបាក់ លោកបញ្ជាក់ថា ដោយសារតែស្រីនាង ជាអ្នកទីក្រុង មិនអាចសម្របខ្លួនរស់នៅជាមួយគ្រួសារ របស់លោកដែលរស់នៅតាមបណ្តាខេត្តបាន។
មិនត្រឹមតែប៉ុណ្ណោះ លោកស៊ី សុវត្ថិ បានទម្លាយរឿងមួយចំនួន ហាក់វាយប្រហារ ផ្លូវចិត្តអតីតភរិយាដែលជាអ្នកមេម៉ាយស្រស់ក្មេង កំពុង លេចធ្លោនៅក្នុងពិភពសិល្បៈ យោងតាមប្រភពពីអ្នកសិល្បៈកៀកកិតជាមួយ សុខ ស្រីនាង បានឱ្យដឹងថា ក្រោយពេលស៊ី សុវត្ថិ ទម្លាយរឿងនេះ បានធ្វើឱ្យស្រីនាង ឆ្អែតចិត្តជាខ្លាំង ព្រោះ មិនគួរណាលោកស៊ី សុវត្ថិ ហ៊ានប្រើពាក្យសម្តីទាំងនេះ វាយប្រហារដួងចិត្តរបស់នាង ដែលជាអតីតភរិយា យ៉ាងនេះសោះ។
ប្រភពដដែលបន្ថែមថា ក្រោយពេលលែងលះប្តី ដាច់ស្រេច និងបានពង្រឹងជំហរចូលប្រឡូកសិល្បៈ ស្វែងរកការគាំទ្រជាថ្មី ស្រីនាង បានរសាយអស់ទុក្ខកង្វល់ លុបស្នាមដំបៅស្នេហ៍ចាស់អស់ពីដួងចិត្តទៅហើយ ថែមទាំងបានបង្ហាញស្នាមញញឹមជាមួយក្តីសង្ឃឹមជាថ្មី ទាំងអាជីពសិល្បៈ និងដៃគូជីវិតថ្មី។ អ្នកសិល្បៈមួយចំនួនទៀត និយាយថា បើសម្ព័ន្ធស្នេហ៍ត្រូវកាត់ផ្តាច់ជ្រះស្រឡះហើយ ហេតុអ្វីស៊ី សុវត្ថិ ចាំបាច់គាស់កកាយរឿងអតីតកាល នាំឱ្យប៉ះពាល់ដល់ ជីវិតឯកជនរបស់នាងទៀត? យ៉ាងហោចណាស់ ក៏ នឹកឃើញដល់អនុស្សាវរីយ៍ ធ្លាប់ផ្អែមល្ហែមជាមួយគ្នា ជាងកន្លះទសវត្សដែរ។
ឯអ្នកខ្លះទៀត បានលើកឡើងថា ទំនងជាស៊ី សុវត្ថិ មិនអាចសុំផ្សះផ្សាស្នេហ៍ជាថ្មីជាមួយ អតីតភរិយាបាន ហើយឆ្អែតចិត្តនឹងអតីតភរិយាដែរ ទើបលោកវាយប្រហារពាក្យសម្តី ធ្វើឱ្យស្រីនាង ឆ្អែតចិត្ត ឬលោកអាចច្រណែននឹងបុរសផ្សេង ដែលនឹងមានវាសនាបានថ្នាក់ថ្នមត្រកងបីស្រីនាង នៅថ្ងៃអនាគត។ ទាក់ទិននឹង រឿង នេះ មិនទាន់ទទួលបានការបំភ្លឺ ពីស្រីនាង នៅឡើយទេ៕ ស.រ/Cambodia News