គណបក្សសង្គ្រោះជាតិដាក់លក្ខខណ្ឌ ៣ចំណុចចរចាលើកទី៣ ជាមួយគណបក្សប្រជាជន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ អនុប្រធានគណៈកម្មាធិការវិន័យ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូ វ៉ាន់ បានឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានរៀបចំលក្ខខណ្ឌ៣ចំណុច ត្រៀមចរចាជាមួយគណបក្សប្រជាជនកម្ពុជាលើកទី៣ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាននៅក្រោយការបោះឆ្នោត ២៨កក្កដា។
លក្ខខណ្ឌ៣ចំណុច ដាក់ឲ្យគណបក្សប្រជាជនកម្ពុជានោះ ទី១ គឺស៊ើបអង្កេតរកការពិតនៃការបោះឆ្នោត ទី២ ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ទី៣ ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អង្គការNDI និងអង្គការខុមហ្វ្រែល ជុំវិញដំណើរការបោះឆ្នោត។
នៅក្រោយការធ្វើបាតុកម្មលើកទី៣ របស់គណបក្សសង្គ្រោះជាតិ លោក ស ខេង សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ថ្លែងថា គណបក្សរបស់លោកត្រៀមខ្លួនរួចរាល់ក្នុងការចរចាជាមួយគណបក្ស សង្គ្រោះជាតិ ស្វែងរកដំណោះស្រាយវិបត្តិនយោបាយ ដើម្បីបានជាប្រយោជន៍ជាតិ។
ទោះយ៉ាងណា រហូតដល់ថ្ងៃទី២៩ខែតុលានេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់បានកំណត់ពេលសម្រាប់ជួបចរចាលើកទី៣នៅឡើយ។ កាលពីថ្ងៃទី១៦ និង ១៧ ខែកញ្ញា លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានដឹកនាំគណៈប្រតិភូរៀងៗខ្លួន ចរចានៅវិមានរដ្ឋសភា តែមិនទទួលបានលទ្ធផលអ្វីឡើយ៕ Cambodia News