ក្រសួងមហាផ្ទៃ អំពាវនាវឲ្យ ថ្នាក់ដឹកនាំបាតុករ និងអាជ្ញាធរ សមត្ថកិច្ច សហការគ្នា បញ្ចៀសអំពើហិង្សា
ភ្នំពេញ៖ ក្នុងថ្ងៃផ្តើមបាតុកម្ម រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣តុលានេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីអំពាវនាវជាថ្មីទៀត អំពាវនាវដល់បាតុករ និងអាជ្ញាធរសមត្ថកិច្ច ឲ្យធ្វើបាតុកម្ម និងការពារសន្តិសុខ ដោយប្រកាន់ខ្ជាប់ទាំងអស់គ្នានូវគោលការណ៍សន្តិវិធី និងគ្មានអំពើហិង្សា។
ក្នុងសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ បានរម្លឹកដល់គណបក្សសង្គ្រោះជាតិ ឲ្យគោរព និងអនុវត្តនូវគោលការណ៍ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ និងការដើរហែក្បួន ដោយមិនត្រូវស្នាក់នៅទីលានប្រជាធិបតេយ្យទេ។ បាតុកម្មនោះ ធ្វើឡើង ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ១៨ ល្ងាច។
ក្នុងសេចក្តីអំពាវនាវនោះ ក្រសួងមហាផ្ទៃ បានលើកឡើងនូវគោលការណ៍ ៤ ចំណុច ទៅកាន់បាតុកររបស់គណបក្សសង្គ្រោះជាតិ និងអាជ្ញាធសមត្ថកិច្ច ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អាយុជីវិត ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន៕ នាង/Cambodia News