បាត់មុខជាង៥ឆ្នាំ និន សុធារ៉ា វិលមកវិញជាតួអង្គម្តាយ
ភ្នំពេញ៖ តារាសម្តែង ដែលស្ទើរតែធ្វើឲ្យទស្សនិកជនភ្លេចមុខបាត់ទៅ ហើយនោះក្រោយខកខានបង្ហាញវត្តមានក្នុងសង្គមសិល្បះជាង៥ឆ្នាំអ្នកនាង និន សុធារ៉ា បានបង្ហាញវត្តមានសម្តែងសារជាថ្មីម្តងទៀត ក្នុងនាមជាតួអង្គម្តាយ។
និន សុធារ៉ា បានបាត់មុខឈឹងពីវិស័យមួយនេះ ក្រោយពេល ដែលនាងសម្រេចចិត្តចូលរោងការជាមួយបុរសអ្នកជំនួញម្នាក់ ដែលរហូតពេលនេះនាងទទួលបានកូនប្រុសម្នាក់អាយុជាង១០ជាចំណងដៃ។
ការសម្រេចចូលរោងការយ៉ាងស្ងៀមស្ងាត់នេះបានធ្វើឲ្យតារាសម្តែងរូបនេះបានបាត់វត្តមានពីសង្គមសិល្បះខ្មែរអស់ជាច្រើនឆ្នាំ ដែលជាហេតុធ្វើឲ្យទស្សនិកមួយចំនួនស្ទើរតែភ្លេចមុខនាងបាត់ទៅហើយ។
ប៉ុន្តែគួឲ្យភ្ញាក់ផ្អើលតារាសម្តែងរូបនេះបានបង្ហាញមុខសារជាថ្មីក្នុងអាជីពសម្តែងរបស់នាងតាមរយះខ្សែភាពយន្តភាគរឿង គំនុំអតីតជាតិ ដែលបានចាប់ផ្តើមដំណើរការថត នឹងគ្រោងដាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍CTN នាពេលខាងមុខនេះ ។
និន សុធារ៉ា បានឲ្យដឹងថា ការបាត់មុខពីសិល្បះមួយរយះនេះ ដោយសារតែកាតព្វកិច្ចក្នុងគ្រួសារទើបធ្វើឲ្យនាងសម្រេចចិត្តផ្អាកមួយរយះសិន។នាងបញ្ជាក់ថា បន្ទាប់ពីចូលប្រឡូកក្នុងសិល្បះតាំងពីអំឡុងឆ្នាំ៩០ជាងមកនាងបានសម្រេចចិត្តចូលរោងការនៅក្នុងឆ្នាំ២០០០ ហើយបានប្រែជីវិតរស់នៅជាលក្ខណះគ្រួសារមួយដោយបានសម្រេចទុកចោលអាជីពសិល្បះមួយរយះសិន។នាងបន្តថា ចាប់តាំងពីនាងបានចូលប្រឡូកក្នុងវិស័យសិល្បះកន្លងមកនេះគឺនាងបានចូលរួមសម្តែងបានចំនួន៥រឿងមកហើយ ហើយរឿងចុងក្រោយមុនពេលដែលនាងចូលរោងការនោះគឺរឿងទាយាទអាប។
និន សុធារ៉ា បានឲ្យដឹងទៀតថា ដោយសារចិត្តនៅតែស្រឡាញ់នៅក្នុងវិស័យសិល្បះនេះទើបនាងបានសម្រេចចិត្តចាប់យកការសម្តែងនេះឡើងវិញ ប៉ុន្តែនាងនៅមិនទាន់មានជំនឿងចិត្តនៅឡើយទេថា ការចាប់ផ្តើមអាជីពសម្តែងជាថ្មីឡើងវិញរបស់នាងនាពេលនេះអាចមានការភ្លាំងភ្លាត់ឬយ៉ាងណា ព្រោះពេលនេះនាងហាក់មានការខ្លាចកាមេរ៉ាថតនៅឡើយ។ម្យ៉ាងទៀតអ្វីដែលនាងនៅមិនទាន់ហ៊ានអះអាងពីភាពជោគជ័យរបស់នាងឡើងវិញក្នុងអាជីពសម្តែងនាពេលនេះ ដោយសារតែចាប់ក្បាលដំបូងនេះនាងបានក្លាយជាតួឆ្នាសឆ្នើម ដែលផ្ទុយពីរឿងមុនៗដែលនាងធ្លាប់សម្តែង។
ទោះជាយ៉ាងណាតារាសម្តែងរូបនេះបានបង្ហាញនូវក្តីរំពឹងទុកថា តាមរយះការសម្តែងបើកមុខជាថ្មីក្នុងខ្សែភាពយន្តភាគរឿងគំនុំអតីតជាតិ របស់នាងនាពេលនេះនឹងនៅតែអាចទទួលបានការចាប់អារម្មណ៍ដដែលបានសំណាក់ទស្សនិកជន បើទោះបីជាពេលនេះនាងបានត្រឹមជាតួអង្គម្តាយក៍ដោយ៕ ស.រ/Cambodia News