ព្រីង ច័ន្ទបុត្រ សម្តែងការអាឡោះអាល័យ ក្រោយលែងលះភរិយា
ភ្នំពេញ៖ តារាសម្តែងរាងខ្ពស់សង្ហាលោក ព្រីង ច័ន្ទបុត្រ បានសម្តែងការអាឡោះអាល័យនូវស្នាមស្នេហ៍អនុស្សាវរីយចាស់ៗ បន្ទាប់ពីលោកបានលែងលះភរិយាដែលគេស្គាល់ថា ជាប្អូនថ្លៃរបស់លោកនាយឧត្តមសេនីយគន់ គីមនោះ។
បើទោះបីជាការលែងលះរវាងលោក និងភិរិយាបានដាច់ស្រឡះពីគ្នាហើយយ៉ាងណាក៍ដោយ ប៉ុន្តែស្នាមអនុស្សារិយ៍ចាស់ជាមួយអតីតភរិយាដែលបានរួមរស់ជាមួយគ្នាជាងកន្លះឆ្នាំមកនេះនៅតែដិតដាមជាប់ជាមួយតារារូបនេះដដែល។
តារាសម្តែងព្រីង ច័ន្ទបុត្រ បានសេសេរសារតាមបណ្តាញសង្គម Facebook របស់ខ្លួនប្រាប់ដល់មិត្តភក្តិប្រាប់ពីការនឹកស្រណោះអាឡោះអាល័យដាមអនុស្សារីយចាស់មួយចំនួន ដែលខ្លួនបានសាងជាមួយអតីតភរិយានាគ្រាកន្លងមក ។
ដោយឡែកនៅក្នុងពេលថ្មីៗនេះព្រីង ច័ន្ទបុត្រ បានសសេរឃ្លាមួយបង្ហោះនៅក្នុងFacebook ថា ទីនេះ កន្លែងនេះជាកន្លែងជួប ក៍ជាកន្លែងបែកដែរ បងនឹកអូន…នឹករហូត។
តាមរយះសារមួយឃ្លានេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា ព្រីង ច័ន្ទបុត្រ នៅតែមិនទាន់ដាច់អាល័យពីអតីតភរិយារបស់លោកនៅឡើយទេ បើទោះបីជាពេលនេះការលែងលះរបស់លោកបានធ្វើឡើងដោយផ្លូវច្បាប់ហើយក៍ដោយ។
ពាក់ព័ន្ធបញ្ហាខាងលើនេះកោះសន្តិភាពមិនអាចសុំការបកស្រាយពីតារារូបនេះឡើយ ដោយសារទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ស្របពេលដែលតារារូបនេះកំពុងមានវត្តមាននៅឯក្រៅប្រទេសផងដែរ។
យ៉ាងណាក៍ដោយមូលហេតុចម្បងដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មួយភ្លើងចំបើងរបស់តារាសម្តែងលោក ព្រីង ច័ន្ទបុត្រ បានឈានដល់ផ្លូវបំបែកនោះត្រូវបានតារារូបនេះធ្លាប់ អះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការមិនចុះសម្រង់គ្នាគឺជាដើមចម ដែលនាំឲ្យលោក និងភរិយាសម្រេចលែងលះគ្នាដោយសន្តិវិធី។
តារាសម្តែងរូបនេះបញ្ជាក់ថា រឿងបែកបាក់គ្នា លោកពិតជាពិបាកចិត្តណាស់ ហើយការរស់នៅមិនចុះសម្រុងគ្នាក៍ពិបាកណាស់ដែរ ប៉ុន្តែតាមពិតយើងមិនចង់បែកគ្នាទេ គ្រាន់តែមានបញ្ហារកាំរកូសច្រើន រស់នៅមិនចុះសម្រុងគ្នា ក៏បែកគ្នាតែម្តងទៅ ហើយប្រហែលជាមិនអាចជួបគ្នាវិញបានទេ គឺយើងបែកដោយសន្តិវិធីហើយយើងក៏មិនទៅរញ៉េរញ៉ៃជាមួយគេដែរ។
តារារូបនេះបានអះអាងបន្ថែមទៀតថា ភាពរកាំរកូសនឹងគ្នានេះបានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ពោលចាប់តាំងពីរៀបអាពាហ៍ពិពាហ៍មកម្លេះ ដោយសារការមិនចុះសម្រុងនិងគ្នា ហើយរឿងនេះក្រុមគ្រួសារទាំងសងខាងក៍បានដឹងលឺផងដែរ។
បើទោះបីជាមានការអះអាងបែបនេះក៍ដោយ ប៉ុន្តែការបែកបាក់រវាងព្រីង ច័ន្ទបុត្រ និងអតីតភរិយាត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីបញ្ហាទ្រព្យសម្បត្តិ ខណះពេលដែលតារាសម្តែងរូបនេះមិនសូវជាមានទ្រព្យធនស្របពេលដែលទីផ្សាសិល្បះរបស់លោកបានធ្លាក់ចុះនោះ។
ព្រីង ច័ន្ទបុត្រ ក៍ធ្លាប់បានសសេរសារមួយឃ្លាបង្ហោះនៅលើFacebook របស់លោកបញ្ជាក់ពីរឿងនេះផងដែរថា ប្រសិនបើខ្ញុំក្រ តើអ្នកស្រឡាញ់ខ្ញុំអត់?។
គួរំលឹកថា តារាសម្តែងលោកព្រីង ច័ន្ទបុត្រ ហៅនាយចេកបានលាភាពកំលោះរបស់ខ្លួនកាលពីថ្ងៃទី២០ មករា ២០១៣ ដោយបានរៀបការជាមួយប្អូនថ្លៃនាយឧត្តមសេនីយ៍ អ្នកមេម៉ាយកូន៣ អ្នកនាងគឹង សុខា។មង្គលការរបស់តារាសម្តែងជាមួយអ្នកមេម៉ាយស្តុកនាពេលនេះត្រូវបានគេស្ងើចសសើរគ្រប់គ្នានិងត្រូវបានគេគិតថា តារាសម្តែងស្រស់សង្ហារូបនេះប្រាកដជារស់នៅលើគំនរទ្រព្យស្តុកស្តម្ភ ព្រោះតែគេឃើញលោកសម្ញែងនូវភាពហឺហាររបស់ខ្លួនដោយបានជិះឡាន Range Rover ស៊េរីខ្ពស់ និងមានអង្គរក្សតាមការពារផងដែរ។
ប៉ុន្តែអ្វីបានប្រែប្រួលយ៉ាងឆាប់រហ័ស បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍ ដែលបានសាងឡើងបានជាងកន្លះឆ្នាំមកនោះ ក៍បានឈានដល់ផ្លូវបំបែកវិញដោយមិននឹកស្មានដល់នាំឱ្យមានការលើកឡើងថា ក្តីសុបិនក្លាយជាអ្នកមានទ្រព្យ និងបុណ្យស័ក្តិរបស់ នាយចេក មិនអាចក្លាយជាការពិតបានឡើយ៕ ស.រ/Cambodia News