កម្ពុជា និងអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សាលាក្តីខ្មែរក្រហម
ភ្នំពេញ៖ កាលពី ថ្ងៃទី១៩ សីហា រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយធ្វើការអំពាវនាវដល់សហគន៍អន្តរជាតិ ព្រមទាំងប្រទេសជាដៃគូរបស់កម្ពុជានៅក្នុងសហគមន៍អាស៊ានឲ្យផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់សាលាក្តីខ្មែរក្រហម ប្រយោជន៍ដើម្បីចៀសវាងការពន្យារពេលបន្តទៀត ក្នុងការបើកប្រាក់បៀវត្សរ៍របស់មន្រ្តីបុគ្គលិកភាគីជាតិទាំងអស់។
យោងតាមសេចក្តីថ្លែងការណ៍រួម សាលាក្តីខ្មែរក្រហម ឬហៅថា អ.វ.ត.ក គឺបានសម្រេចសមិទ្ធិផលជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក៏បានបញ្ជាក់ជាថ្មី ដោយគាំទ្រចំពោះការងារដ៏មានសារៈសំខាន់នេះ ប៉ុន្តែវាត្រូវការជាចាំបាច់ដើម្បីធានានិរន្តរភាព នៃជំនួយហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យ អ.វ.ត.ក អាចដំណើរការសំណុំរឿង០០២ ដែលជាផ្នែកនៃអាណត្តិការងារដ៏ចម្បងរបស់ អ.វ.ត.ក។
សូមបញ្ជាក់ថា ដោយសារវិបត្តិហិរញ្ញវត្ថុនេះ បុគ្គលិកទាំងអស់នៃភាគីកម្ពុជារបស់សាលាក្តីខ្មែរក្រហម រាប់ចាប់តាំងពីចៅក្រហម រហូតដល់អ្នកបើកឡាន ពួកគេមិនទាន់ទទួលបានប្រាក់ខែនៅឡើយទេ ដោយគិតចាប់តាំងពីដើមឆ្នាំនេះមក៕ Cambodia News