ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកក្កដា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុ និង ទឹកជំនន់រួចមក ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ប្រព័ន្ធសម្ពាធទាប បាននិងកំពុងអូសកាត់ លើអាងទន្លេមេគង្គ ក្នុងប្រទេសឡាវ និងថៃ។
ប្រព័ន្ធសម្ពាធទាបនេះ បានតភ្ជាប់ទៅនឹងវិសម្ពាធមួយ ដែលកំពុង ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ដែលបានទៅតភ្ជាប់ ទៅនឹងសម្ពាធទាបសកម្ម ប៉ុន្តែបច្ចុប្បន្នបានវិវត្ត ទៅជា វិសម្ពាធ ហើយវិសម្ពាធនេះ នៅថ្ងៃស្អែកអាចវិវត្តទៅជាកូនព្យុះ ដែលអាចមានផលប៉ះពាល់ ដល់តំបន់សមុទ្រ ដែលបង្កឲ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់ខ្លាំងបង្គួរ។ ចំពោះសមុទ្រនៅកម្ពុជា គឺអាចមានភ្លៀងធ្លាក់ខ្លាំង និង មានរលកខ្ពស់ៗ។
ខណៈដែលសមុទ្រកម្ពុជា អាចនិងមានភ្លៀងធ្លាក់ខ្លាំង និងមានរលកខ្ពស់ៗនោះ ដូច្នោះក្រសួង ធនធានទឹកសូមអំពាវនាវ ដល់ប្រជានេសាទ និងអ្នកទេសចរ សូមផ្អាកការដើរកំសាន្ត នៅតាមមាត់សមុទ្រ តាមកោះ និងការធ្វើនេសាទចាប់ពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី៥ ខែសីហាតទៅ ដើម្បីជៀសវាងគ្រោះថ្នាក់ ជាយថាហេតុ”។
យោងតាម ការព្យាករណ៍ វិសម្ពាធនេះ នឹងវិវត្តទៅជាកូនព្យុះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ហើយនឹងធ្វើ ដំណើរទៅដល់ តំបន់អាងទន្លេមេគង្គលើ នៅថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣។ រលកសមុទ្រមាន កំពស់១,៥០ ទៅ២,៥០ម។
ក្រសួងធនធានទឹក សូមអំពាវនាវ ដល់ក្រសួងស្ថានប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ទាំង អស់ សូមផ្អាកការធ្វើដំណើរកំសាន្ត តាមមាត់សមុទ្រ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣។
ស្ថានភាព អាងទន្លេមេគង្គ នឹងត្រូវឥទ្ធិពល របស់ប្រព័ន្ធសម្ពាធទាប និងកូនព្យុះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ យ៉ាងជោគជាំ នៅក្នុងតំបន់ អាងទន្លេមេគង្គភាគខាងលើ។ ការធ្លាក់ភ្លៀងនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប នឹងទឹកបឹងទន្លេសាប បន្តឡើងជាបន្តបន្ទាប់៕ ហេង នាង/Cambodia News