សម្តេច ជា ស៊ីម ទទួលមរណភាព?
ភ្នំពេញ៖ ក្មួយប្រុស និងសាច់ញាតិរបស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធនៅរសៀលថ្ងៃទី ២៣ កក្កដានេះពីដំណឹងដែលថា សម្តេចបានទទួលមរណភាពនាពេលថ្មីៗនេះ។
នៅតាមបណ្តាញហ្វេសប៊ុក បានបង្ហោះដំណឹងថា សម្តេច ជា ស៊ីម បានទទួលមរណភាពកាលពីបួនប្រាំថៃ្ងមុននេះ ហើយដំណឹងនេះត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនឣនុញ្ញាត្តិឲ្យផ្សព្វផ្សាយជាសាធារណៈឡើយ ព្រោះគណបក្សប្រជាជនកម្ពុជាបារម្ភពីការធ្លាក់ប្រជាប្រិយភាពនៃគណបក្សនេះ។
គួររំលឹកថា កាលពីពីរបីសប្តាហ៍មុន ក៏មានដំណឹងមិនពិតបែបនេះដែរ ហើយកាលពីសប្តាហ៍មុន សម្តេច ជា ស៊ីម ក៏បានអញ្ជើញចូលរួមមរណទុក្ខរបស់ឪពុកសម្តេច ហ៊ុន សែន នៅក្បែរវិមាណឯករាជ្យដែរ។
មន្រ្តីរាជរដ្ឋាភិបាលមួយរូបដែលសុំមិនបញេ្ចញឈ្មោះបានប្រាប់ Cambodia News ថា បើដំណឹងនោះពិតមែន តើលាក់បានយ៉ាងដូចម្តេចទៅ ព្រោះសម្តេច ជា ស៊ីម ជាឥស្សរជនជាន់ខ្ពស់របស់ប្រទេសជាតិ។
មន្រ្តីរូបនោះក៏បានអំពាវនាវដល់ជនរួមជាតិកុំប្រមាថជីវិតមនុស្ស បើទោះជាមិនចូលចិត្តសម្តេច និងគណបក្សប្រជាជនកម្ពុជាក៏ដោយ។ លោកបន្តថា កើតចាស់ឈឺស្លាប់ជារឿងធម្មតា គឺម្តងក្នុងគ្រួសារគេ ហើយម្តងនៅក្នុងគ្រួសារយើង៕ Cambodia News