នៅថ្ងៃទី១៦ ដល់១៩ អាច​នឹងមានភ្លៀង​ធ្លាក់ជាប់ៗគ្នា

យោង​តាម​សេចក្ដី​ជូន​ដំណឹង ​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ​​ឧសភា​ ​​២០១២​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រសៀល គឺ​មាន​អាកាសធាតុ​អួអាប់​ និង​​ពេល​យប់​​បង្ក​ជា​ភ្លៀង​ ផ្គរ​រន្ទះ និង​ខ្យល់​បោកបក់​ខ្លាំង​ នៅ​រាជធានី​ និង​បណ្ដា​​ខេត្ត​មួយ​ចំនួន​​​ ក្នុង​រយៈ​ពេល​៤​ថ្ងៃ ​ចាប់​ពី​ ​ថ្ងៃ​ទី​១៦ ដល់​១៩ ​​ឧសភា​ ​២០១២​។

សេចក្ដីជូនដំណឹង​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​​​ក្រសួង​បាន​​សង្កេត​តាមដាន​លើ​ស្ថានភាព​អាកាស​ធាតុ​ កាល​ពី​ម៉ោង​១​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦​ ​​ឧសភា​ រួចមក​បាន​រក​ឃើញ​ថា ជ្រលង​​សម្ពាធ​ទាប​ ដែល​មាន​ឥទ្ធិពល​នៅ​លើ​ព្រះរាជាណាចក្រ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​០៥ ​​ឧសភា កន្លង​មក​នោះ​នឹង​បង្កើន​ឥទ្ធិពល​ខ្លួន​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល​បួន​ ថ្ងៃ​នេះ​។

ចំ​ពោះ​ខេត្ត​ក្រុង​ ដែល​ទទួល​រងនូវ​​ឥទ្ធិពល​នេះ​ មាន​​ដូច​ជា​ ក្រុង​ភ្នំពេញ​ ខេត្ត​កណ្ដាល កំពង់​ស្ពឺ តាកែវ ព្រៃវែង​ កំពង់​ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង កំពង់​ធំ​ កំពង់​ចាម​ ក្រចេះ​ កំពត និង​​ខេត្ត​​ព្រះសីហនុ។

យោង​តាម​សេចក្ដីប្រកាស​ជូនដំណឹង​នេះ​  ក្រសួង​ធនធាន​ទឹក​​បាន​​អំពាវនាវ​​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ​​​ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​កើត​មាន​ជាយថាហេតុ​៕

Related Articles

Back to top button
Close
Close