នារី​ម្នាក់​ស្រវឹង​បើក​រថយន្ត​បុក​រ៊ឺម៉ក​កង់​បីរ​បួស​ធ្ងន់​ស្រាល​២​នាក់​

ភ្នំពេញ៖ កាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១០ ខែធ្នូ នារីស្រវឹងស្រា ៥ នាក់ បានបើកយ៉ាង លឿនទៅបុករ៉ឺម៉ក់ម៉ូតូកង់បី ១ គ្រឿង ទៀត ជិះគ្នា ២ នាក់ ចំពីមុខយ៉ាងពេញទំហឹង ធ្វើឲ្យ រ៉ឺម៉ក់ក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ បណ្តាលបុរសម្នាក់បានរងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀត របួសស្រាល ស្ថិតតាមបណ្តោយផ្លូវ ២១៥ កែងផ្លូវ ១១២ ទល់មុខហាងផឹកស៊ីឌ្រីងម៉ាត ក្នុង សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក។

ជនរងគ្រោះ ជាអ្នកបើករ៉ឺម៉កម៉ូតូឈ្មោះ ចាន់ ធី ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅតាមផ្លូវជាតិ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បានរងរបួសរយះលើត្របកភ្នែកខាងស្តាំ។ ចំណែកស្ត្រីជាប្អូនថ្លៃឈ្មោះ លី ថា អាយុ ៣៥ ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ 72A ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ ដោយឡែក នារីស្រវឹងស្រាទាំង ៥ នាក់ ទៀត ជិះរថយន្តឡិចស៊ីស GX 300  ពណ៌ខ្មៅនោះវិញ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាទេ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស GX 300 ពណ៌ខ្មៅ ១ គ្រឿង ជិះដោយនារី ៥ នាក់ ទំនងជាស្រវឹងស្រាបានបើកយ៉ាងលឿនតាមផ្លូវ ១១២ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ផ្លូវ ២១៥ ក៏បន្ថែមល្បឿន ក៏ជ្រុលចង្កូតទៅបុករ៉ឺម៉ក់កង់បី ជិះគ្នា ២ នាក់ ទាំងកំរោល បណ្តាលឱ្យរ៉ឺម៉ក់កង់បីក្រឡាប់ផ្ងារជើង និងធ្វើឲ្យអ្នកជិះលើរ៉ឺម៉ក់កង់បីនោះ ប៉ើងហោះប្រហែល ១០ ម៉ែត្រ របួសធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ២ នាក់ ក៏ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ជាមួយគ្នា។ ដោយឡែក អ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចប៉ុន្តែ នៅពេលបើករថយន្តរត់គេចមកដល់ផ្លូវព្រះមុន្នីវង្ស ទល់មុខក្រុមហ៊ុនមូលបត្រ័សូណាត្រា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទើបត្រូវប៉ូលិសចាប់បាន ហើយបញ្ជូនរថយន្តនោះ មកកាន់អធិការដ្ឋាននគរបាល ខណ្ខទួលគោក ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close