ពលករខ្មែររងការជិះជាន់កំលាំងពលកម្ម និងការជួញដូរផ្លូវភេទនៅក្រៅប្រទេស
បុរស ស្ត្រី និងកុមារជនជាតិខ្មែរធ្វើនិប្រវេសន៍ទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត ដើម្បីបម្រើការងារ ប៉ុន្តែលទ្ធផលបែបជាទទួលរងគ្រោះចំពោះការជួញដូរផ្លូវភេទ ឬត្រូវបានបង្ខំឲ្យប្រើកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មនេសាទត្រី និងផលិតម្ហូបអាហារគ្រឿងសមុទ្រ ការធ្វើដំណាំកសិកម្ម នៅក្នុងរោងចក្រ កិច្ចការងារបម្រើតាមផ្ទះ ឬសុំទានជាដើម។
យោងតាមរបាយការណ៍ឆ្នាំ២០១១ របស់អង្គការសម្ព័ន្ធចាប់ដៃបានបង្ហាញថា នៅឆ្នាំ២០១០ ភ្នាក់ងារជួលពលករខ្មែរ ដែលមានអាជ្ញាប័ណ្ណ ជាសមាជិកនៃសមាគមរបស់ភ្នាក់ងារជួលពលករ
ខ្មែរបានបណ្តុះបណ្តាល និងបញ្ជូនពលករខ្មែរចំនួន ១៦.៣៩៥ នាក់ ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលក្នុងនោះ មានស្ត្រីចំនួន ១១.៩១៨ នាក់ ដែលត្រូវបានបណ្តុះបណ្តាលឲ្យធ្វើជាពលករបម្រើការងារតាមផ្ទះ។ នេះគឺជាការកើនឡើងនៃចំនួន ៩.៩៨២ នាក់ នៃជនជាតិខ្មែរ ដែលបានធ្វើនិប្រវេសន៍ទៅកាន់ប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំ២០០៩ ហើយមានចំនួន ២.៦៥៤ នាក់ នៅក្នុងឆ្នាំ២០០៨។
នៅក្នុងអំឡុងពេលបណ្តុះបណ្តាលរយៈពេល ៣ ទៅ ៦ ខែ ជាញឹកញាប់ភ្នាក់ងារជួលពលករដាក់នូវសេចក្តីកំហិតដល់ស្ត្រី និងកុមារមិនឲ្យចាកចេញពីមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលជួនកាលត្រូវទទួលរងដោយការបង់កម្រៃយ៉ាងច្រើន ប្រសិនពួកគេចាកចេញទៅ ដោយរំលោភបំពានលើកិច្ចសន្យារបស់ពួកគេ។
ពលករខ្មែរ ដែលទៅធ្វើការងារនៅក្រៅប្រទេស ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត តាមរយៈក្រុមហ៊ុនមួយចំនួននៅក្នុងស្រុក តែងតែទទួលរងការរំលោភបំពាន ធ្វើបាបពីសំណាក់ថៅកែយ៉ាងធ្ងន់ធ្ងរ រហូតថាដល់ធ្វើឲ្យពលករស្លាប់បាត់ជីវិត ខ្លះមានស្មារតីមិនល្អនៅពេលដែលបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ។ ពលករមួយចំនួន ត្រូវបានរដ្ឋាភិបាលកម្ពុជា ជួយធ្វើអន្តរាគមន៍ឲ្យបានវិលត្រឡប់មកកម្ពុជាផងដែរ៕