មាន សូនីតា ល្បីថាកូនអ្នកធំកំពុងតាមសុំស្នេហ៍
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ ដោយសាររូបសម្រស់ ដ៏សែនស្រស់សោភារបស់ មាន សូនីតា បានធ្វើឱ្យបុរសជាច្រើន មានទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក ចាប់ចិត្តប្រតិព័ទ្ធ ចង់បាននាងយកធ្វើជាគូគាប់។ ទន្ទឹមនឹងនេះ ក៏មានលេចឮព័ត៌មានមកថា ស្រីស្រស់ មាន សូនីតា កំពុងមានបុរសវ័យប្រហែលនាងម្នាក់ សម្លឹងចង់បានយកធ្វើជាម្ចាស់បេះដូងផងដែរ។ ប៉ុន្តែទោះចាយ៉ាងណា នាងបានចេញមុខបដិសេធថា វាមិនមែនជាការពិតទេ។
ប្រភព័ត៌មានពីអ្នកសិល្បៈ ដែលជិតដិតជាមួយតារាសម្តែងស្រីធ្មេញជំពើសរូបនេះ បានបង្ហើបប្រាប់ថា កញ្ញា មាន សូនីតា ពេលនេះមិនធម្មតាទេ ខណៈដែលកេរ្តិ៍ឈ្មោះកំពុងតែទទួលបានការគាំទ្រនោះ រឿងស្នេហាក៏បានចូលមកដំណាលគ្នាដែរ។
ប្រភព័ត៌មានដដែលបង្ហើបថា មាន សូនីតា កំពុងធ្វើឱ្យបុរសៗជាច្រើនឈ្លក់វង្វេងនឹងសម្រស់ដ៏ស្រស់សោភារបស់ នាង។ ទន្ទឹមជាមួយគ្នានេះដែរ ក៏មានព័ត៌មានលេចឮល្ហៀងៗថា មានបុរសកូនលោកធំ ក្នុងស្រុកម្នាក់កំពុងតែព្យាយាមទាក់ទងមកដើម្បីសុំសេចក្តីស្រលាញ់ពី សូនីតា។
ទោះជាយ៉ាងណាក្តី កញ្ញា មាន សូនីតា បានចេញមុខអះអាងថា នាងគ្មានបុរសកូនអ្នកធំណាតាមសុំស្នេហានោះទេ។ នាងនិយាយដូច្នេះថា “បើអ្នករាប់អានធម្មតាគឺមាន ប៉ុន្តែអ្នកដែលសារភាពថាសុំស្រលាញ់នោះគឺមិនមានទេ។
ជាមួយនឹងការបដិសេធថាមិនមានកូនប្រុសអ្នកធំសុំស្នេហានោះ មាន សូនីតា បានបន្ថែមឲ្យដឹងថា មនុស្សយើងម្នាក់ៗតែងស្រលាញ់កិត្តិយស គ្មានអ្នកណាសារភាពថា ស្រលាញ់យើងងាយៗនោះទេ ម្យ៉ាងបើគេជាកូនអ្នកធំផង គឺរិតតែមិនអាចទៅទៀត។
ក្រោយពីបញ្ជាក់ថា នៅមិនទាន់ចង់គិតរឿងស្នេហា ព្រោះចង់ទុកពេលវេលារៀនសូត្រឲ្យចប់ និងមានពេលវេលាមប្រើសិល្បៈឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញសិន។ សូនីតា និយាយថា នាងនឹងចូលរៀនវិញនៅក្នុងខែមិថុនា នេះ ដោយនាងជានិស្សិតនៅសកលវិទ្យាល័បញ្ញាសាស្ត្រកម្ពុជា ជំនាញរដ្ឋបាល ឆ្នាំទី៣ ។
តារាសម្ដែង និងជាពិធីការិនី មាន សូនីតា ក្រោយពីនាងបានប្រឡងជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី Freshi boy and girl ជំនាន់ទី៨ ឆ្នាំ២០០៩ មក នាងបានប្រឡូកក្នុងសិល្បៈ ដោយថតស្ប៉តពាណិជ្ជកម្មមិនតិចជាង១០ នោះទេ មានដូចជា ទូរស័ព្ទ M-fone ស៊ីម៉ងត៍ត្បូងពេជ្រ និង Spy ជាដើម។ ក្រៅពីស្ប៉តទាំងនេះ នាងក៏បានចូលរួមថតខ្សែភាពយន្តបាន៣រឿងផងដែរ ដូចជារឿង “បេះដូងអ្នកការពារ” ,រឿង “ នាយឡប់ជំពប់ស្នេហ៍” និងរឿង “អ្នកមានគុណ” ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។ លើសពីនេះ នាងក៏មានថតចម្រៀងខារ៉ាអូខេជាច្រើនបទទៀតផង៕ ស.រ