ព្រះអង្គម្ចាស់ ធម្មិកោ សម្រេចព្រះទ័យ ប្រកាសទ្រព្យសម្បត្តិ
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៣ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនៅមណ្ឌល ខេត្តព្រះសីហនុ បានចាត់ឲ្យតំណាងយកសំណុំឯកសារពាក់ព័ន្ធការប្រកាសទ្រព្យសម្បត្តិ និងបំណុល ទៅដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយរួចរាល់ហើយ។
ការសម្រេចប្រកាសទ្រព្យសម្បត្តិនេះបានកើតឡើងបន្ទាប់ពីអង្គភាព ប្រឆាំងអំពើពុករលួយ បានចេញលិខិតព្រមានដល់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រសិនបើព្រះអង្គម្ចាស់ ធម្មិកោ នៅតែរឹងរូសមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលទេនោះ។
សូមបញ្ជាក់ថាដំបូងឡើយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រកែកយ៉ាងដាច់អហង្ការមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះជាដាច់ខាត់ សុខព្រះទ័យយាងទៅតុលាការ ជាងការយល់ព្រមប្រកាសទ្រព្យសម្បត្តិ៕