គង់ ច័ន្ទស្រីមុំ ត្រៀមចេញថតម៉ូតសម្លៀកបំពាក់នៅសឹង្ហបុរី
Cambodia News
ព័ត៌មានកម្រាន្ត
ភ្នំពេញ៖ តារាសម្តែង នាង គង់ ច័ន្ទស្រីមុំ នឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសសង្ហបុរី នៅពាក់កណ្តាលខែឧសភា ខាងមុខនេះ ដើម្បីថតម៉ូតសម្លៀកបំពាក់រដូវអាពាហ៍ពិពាហ៍នៅក្នុងប្រទេសដែនកោះដ៍ស៊ីវិល័យនិងស្រស់ត្រកាលមួយនេះ។
គោលដៅនៃការចាកចេញនេះត្រូវបានអតីតហ្វេស៊ីហ្គើលរូបនេះបញ្ជាក់ថា ការចាកចេញជាលើកដំបូងរបស់នាងនៅក្នុងប្រទេសសឹង្ហបុរីនាពេលនេះអាចនឹងធ្វើឡើងថ្ងៃទី១៥ ខែឧសភានេះ ដែលមានរយះពេលយ៉ាងហោចណាស់៣ទៅ៤ថ្ងៃសម្រាប់ការត្រៀមខ្លួនថតម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍នៅក្នុងប្រទេសសឹង្ហបុរី។
ទោះជាយ៉ាណាពេលវេលានៃការបរិច្ឆេតនេះសម្រាប់នាងនៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះអ្វីៗកំពុងស្ថិតនៅក្នុងដំណើរការនៃការចចារគ្នានៅឡើយ។ តារារូបនេះបន្ថែមថា នេះជាឱកាសលើកដំបូងសម្រាប់រូបនាងក្នុងការចាកចេញទៅថតម៉ូតនៅក្រៅប្រទេស បន្ទាប់ពីការងារនៅក្នុងស្រុកស្ទើរតែដកឃ្លាមិនរួចនោះ ជាពិសេសគឺកម្មវិធី Apsara Award ដែលបានចងជើងនាងមិនឲ្យចេញទៅក្រៅបានយូរនោះ។
មុននឹងឈានដល់ការសម្រេចបាននូវជោគជ័យដ៏ធំមួយនេះ គង់ ច័ន្ទស្រីមុំ អះអាងថា នាងបានជួបចចារជាមួយខាងក្រុមហ៊ុនជិតមួយខែ បន្ទាប់ពីខាងក្រុមហ៊ុនបានសម្លឹងឃើញថា នាងមានមុខមាត់ប្រហាក់ប្រហែលនឹងជនជាតិសឹង្ហបុរី ទើបសម្រេចទទួលយកឲ្យថតតែម្តង។
នាងបញ្ជាក់ថា ក្រុមហ៊ុនសឹង្ហបុរីនេះក៍បានសហការជាមួយក្រុមហ៊ុននៅក្នុងស្រុកខ្មែរផងដែរក្នុងការស្វែងរកតួសម្រាប់ការថតម៉ូតអាពាហ៍ពិពាហ៍(Free wedding) ជាមួយតារាប្រុសនៅក្នុងប្រទេសសឹង្ហបុរី ក្នុងរដូវអាពាហ៍ពិពាហ៍នៅក្នុងប្រទេសដែនកោះមួយនេះ។
ទោះជាយ៉ាងចំពោះតម្លៃដែលទទួលបានពីការថតម៉ូតនាពេលនេះមិនត្រូវបានគង់ ច័ន្ទស្រីមុំ បង្ហើបឲ្យដឹងឡើយ ដោយនាងបញ្ជាក់ថា នេះជាការសម្ងាត់រវាងនាងនិងក្រុមហ៊ុន ប៉ុន្តែនាងបានបង្ហាញនូវសុទិដ្ឋិនិយមថានឹងទទួលបានជោគជ័យតាមការគ្រោងទុក។
សម្រាប់ឱកាសថតម៉ូតនៅឯក្រៅប្រទេសរបស់តារាសម្តែងនាង គង់ ច័ន្ទស្រីមុំ នាពេលនេះត្រូវបានគេចាត់ទុកជាជោគជ័យមួយបន្ថែមទៀតក្នុងអាជីពសិល្បះដ៏ស្រស់បំព្រងរបស់នាង បន្ទាប់ពីទទួលបានជ័យលាភីពីការប្រកួតប្រជែងខាងផ្នែកសម្រស់នោះមក។ វិថីសិល្បះរបស់គង់ ច័ន្ទស្រីមុំ បានលេចធ្លោកាន់តែខ្លាំងបន្ទាប់ពីនាងបានបង្ហាញវត្តមានសម្តែងជាតួឯកស្ទើរតែគ្រប់រឿងដែលនាងបានទទួលថតនោះ។ ជាពិសេសទៅទៀតអ្វីដែលគេចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺបន្ទាប់ពីនាងបានជាប់ឈ្មោះក្នុងតំណែងប្រកួតប្រជែងជាមួយតារាជើងចាស់ជាច្រើនរូបក្នុងកម្មវិធី Apsara Award ដែលនេះបង្ហាញឲ្យឃើញថា ថ្វីត្បិតតែនាងជាតារាសម្តែងរលកថ្មី ប៉ុន្តែទេពកោសល្យរបស់នាងក៍ត្រូវបានគេចាត់ថ្នាក់ចូលទៅក្នុងតារាសម្តែងជាន់ចាស់ដែលឈរនៅក្នុងលំដាប់កំពូលផងដែរ។
ជាងនេះទៅទៀតមួយរយះចុងក្រោយនេះ គង់ ច័ន្ទស្រីមុំ ក៍បានសម្ញែងខ្លួនឯងឲ្យកាន់តែលេចធ្លោមួយកម្រិតទៀតតាមរយះការស្លៀកពាក់ស៊ិចស៊ី បញ្ចេញសាច់សដូចបណ្តូលចេក ដើម្បីពន្ញាក់ផ្នែកទស្សនិកជនឲ្យបានដឹងថា នាងក៍តារាមួយរូបក្នុងចំណោមតារាដែលមានភាពស៊ិចស៊ីផងដែរ។
ដោយឡែកពាក់ព័ន្ធទៅនឹងជីវិតស្នេហាវិញ បើទោះបីជាគេដឹងថា គង់ ច័ន្ទស្រីមុំ និងកម្លោះសង្សារគឹម សីហា បានរួមរស់ក្រោមដំបូលតែមួយអស់ពេលជាច្រើនឆ្នាំក៍ដោយ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់លេចលឺពីដំណឹងល្អណាមួយដែលបញ្ជាក់ពីការសម្រេចចិត្តក្រាបផ្ទឹមទទួលយកផ្កាស្លានៅក្នុងពេលណានៅឡើយទេ ក្នុងពេលដែលអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមនឹងគ្នាស្ទើរតែដូចប្តីប្រពន្ធទៅហើយនោះ។
គង់ ច័ន្ទស្រីមុំ នៅតែអះអាងថា នាងនិងសង្សារនៅមិនទាន់គិតគូរឿងរៀបការនៅពេលណាឡើយ ដោយសម្អាងភាគីទាំងសងខាងមានកិច្ចការងារជាប់រវល់រៀងៗខ្លួន ប៉ុន្តែនាងនៅតែបង្ហាញពីឆន្ទះស្មោះស្ម័គ្រនឹងគ្នា ដោយសារថា នាងនិងគូស្នេហ៍បានយល់ចិត្តថ្លើមគ្នា និងបានសាងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយគ្នាមកជាច្រើនឆ្នាំហើយ មិនអាចងាយនឹងប្រះស្រាំនោះទេ ៕ ស.រ